សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ការទូតសភាកម្ពុជា-ចិន មានសន្ទុះយ៉ាងខ្លាំងបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក

ចែករំលែក៖

ប្រទេសចិន ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសប្បាយរីករាយប្រកបដោយមោទនភាព នៅពេលកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ចិន មានសន្ទុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយផ្អែកលើការគោរព ការជឿទុកចិត្ត ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកដែលទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅចំពោះសមភាគី លោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ក្នុងពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅរាត្រីទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជនចិន។

សម្តេចរដ្ឋសភាធិបតី ក្នុងនាមរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ចាវ ឡឺជី និងសហការី ដែលបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត ជូនគណៈប្រតិភូ ចាប់តាំងពីបានមកដល់ប្រទេសចិន ទឹកដីដ៏ស្រស់ស្អាត ទាំងនៅក្នុងរដ្ឋធានីប៉េកាំង និង ខេត្តក្វាងតុង ដែលគណៈប្រតិភូបានឆ្លងកាត់។

សូមជម្រាបថា តបតាមការអញ្ជើញរបស់លោក ចាវ ឡឺជី សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាមកបំពេញទស្សនកិច្ចនៅប្រទេសចិនពីថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយត្រូវបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំងនិងក្រុងសៀងហៃ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាឆ្នាំ២០២៤ នេះ គឺត្រូវបានកំណត់ថាជា ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ហើយប្រទេសទាំងពីរ បានជំរុញការផ្លាស់ប្តូរទ្វេភាគីនៅគ្រប់កម្រិត និងគ្រប់វិស័យ។ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន បេះដូងនិងបេះដូង នេះហើយជាសសរគ្រឹះដ៏រឹងមាំ ក្នុងការទ្រទ្រង់និងពង្រឹងចំណងមិត្តភាពជាប្រពៃណី មិត្តភាពដែកថែប ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍ជោគវាសនារួម ក្នុងយុគសម័យថ្មី។

លោក ចាវ ឡឺជី បានមានប្រសាសន៍លើកឡើងថាទំនាក់ទំនងកម្ពុជាចិន បានឆ្លងកាត់ពេលវេលាដ៏វែងឆ្ងាយនិងការដកស្រង់បទពិសោធន៍គ្រប់រសជាតិនៃការប្រែប្រួលសភាពការណ៍អន្តរជាតិ បានធ្វើអោយចំណងមិត្តភាពមួយនេះ កាន់តែរឹងមាំ និងមានការជឿជាក់គ្នាយ៉ាងខ្លាំង ប្រៀបដូចជាដើមឈើដែលបានចាក់ឫសយ៉ាងជ្រៅ នាំនូវផលប្រយោជន៍ជាច្រើនដល់គ្នាទៅវិញទៅមក។

លោក ក៏បានរំឭកនូវព្រះរាជបន្ទូលរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលព្រះអង្គធ្លាប់មានព្រះរាជបន្ទូលថា “មិត្តភាពរវាងកម្ពុជា-ចិនប្រៀបបាននឹងផ្កា ដែលមិនក្រៀមស្វិតស្រពោន។

ឆ្លៀតឱកាសនេះដែរ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលតែងតែគាំទ្រកម្ពុជានៅគ្រប់កាលៈទេសៈ ប្រៀបដូចជាពាក្យស្លោកថា «មិត្តល្អជួយគ្នាក្នុងគ្រាមានអាសន្ន»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print