លោក Wang Yi ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាជាមួយលោកស្រី Yoko Kamikawa រដ្ឋមន្ត្រីការបរទេសជប៉ុននៅក្រុងញូវយ៉ក តាមការណាត់ ។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ការជំរុញដោយគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនងជាយុទ្ធសាស្ត្រនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងចិននិងជប៉ុន ជាភារកិច្ចរួមរបស់ភាគីទាំងពីរ ។ រំពឹងទុកថាជប៉ុនអាចដើរស្របតាមទិសដៅជាមួយភាគីចិន ប្រកាន់ខ្ជាប់ទិសដៅដ៏ត្រឹមត្រូវនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ អនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមរបស់អ្នកដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងជប៉ុនវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយភាពល្អបរិសុទ្ធនិងមានសិ្ថរភាព ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ជាការឆ្លើយតប លោកស្រី Yoko Kamikawa បានថ្លែងថា ភាគីជប៉ុនយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរវាងជប៉ុននិងចិន ។ ប្រឈមមុខនឹងហានិភ័យនិងការសាកល្បងដែលបានកើតឡើងជាបន្តបន្ទាប់ក្នុងស្ថានការណ៍អន្តរជាតិ ជប៉ុននិងចិនគួរតែប្រកាន់ខ្ជាប់កិច្ចសន្ទនាក្នុងគ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់ ក្នុងនោះបូករួមទាំងដំណោះស្រាយបញ្ហាទឹកសំណល់វិទ្យុសកម្មឱ្យបានល្អតាមរយៈកិច្ចពិគ្រោះពិភាក្សា ក៏ដូចជារួមគ្នាគាំពារសន្តិភាពនិងវឌ្ឍនភាពក្នុងតំបន់ ។
លោក Wang Yi បានគូសបញ្ជាក់ថា ការដែលភាគីចិនប្រឆាំងនឹងការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនី Fukushima របស់ជប៉ុនទៅក្នុងសមុទ្រ គឺជារឿងសមហេតុផល ។ បំណាច់នឹងជប៉ុនយល់ព្រមទទួលយកការឃ្លាំមើលពីអន្តរជាតិក្នុងរយៈពេលយូរ និងយល់ព្រមឱ្យប្រទេសនានាដែលរងផលប៉ះពាល់ ក្នុងនោះបូករួមទាំងប្រទេសចិនជាដើម យកសំណាកនិងធ្វើការឃ្លាំមើលដោយឯករាជ្យ នោះគឺត្រូវអនុវត្តតាមពាក្យសន្យាយ៉ាងដាច់ខាត មិនត្រូវបណ្តោយឱ្យកើតមានរឿងផ្សេងទៀតនោះទេ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print