ខេត្តកំពង់ធំ ៖ លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តមន្ត្រីទាំងអស់ ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន។
លោកអភិបាលខេត្ត បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមុិញ ។
លោកអភិបាលខេត្ត បានជំរុញអាជ្ញាធរដែនដីសូមត្រៀមកម្លាំងការពារសន្តិសុខសណ្តាប់សាធារណៈនៅគ្រប់ វត្តអារាម និងតំបន់រមណីយដ្ឋាននានាក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យមានសុវត្ថិភាពល្អ ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ក្នុងរដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ។
លោកអភិបាលខេត្ត បានលើកឡើងអំពីស្ថានភាពសន្តិសុខសង្គមក្នុងប្រទេស និងថ្លែងអំណរគុណមន្ត្រីរាជការទាំងអស់ ដែលបានគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងគាំទ្រជាមួយនឹងការចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន» ថែមទៀត។
លោក នួន ផារ័ត្ន ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រុងស្រុក មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ដែលកំពុងមានការហក់ឡើង និងរាយការណ៍មកអាជ្ញាធរខេត្តឱ្យបានឆាប់រហ័ស នៅទីតាំងភូមិសាស្ត្រណា ដែលមានការគំរាមកំហែងពីការជនលិចទឹកជំនន់ដើម្បីអាជ្ញាធរខេត្ត មានវិធានការជួយសង្គ្រោះបានទាន់ពេលវេលា៕