ខេត្តស្ទឹងត្រែង ៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មានកិត្តិយស សូមគោរពជម្រាបជូន ដំណឹងដល់អាជ្ញាធរ ផ្នែកមានសមត្ថកិច្ចជំនាញ សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា ដោយផ្អែកលើស្ថានភាពធាតុអាកាសបច្ចុប្បន្ន នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្ត ស្ទឹងត្រែង កំពុងរងឥទ្ធិពលខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អានដាមម៉ែន ឈូងសមុទ្រថៃ សមុទ្រ ចិនខាងត្បូង នៅតែបន្តមានឥទ្ធិពល ខណៈសម្ពាធទាបនៅបន្តគ្របដណ្តប់លើភាគកណ្តាលនៃអាង ទន្លេមេគង្គផងដែរ។
ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ អាចនឹងបង្កឱ្យមាន ភ្លៀងធ្លាក់ច្រើនលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលឈានទៅបង្កជាផលប៉ះពាល់នៅតំបន់ ទំនាបជាប់ផ្លូវទឹក និងតាមដងទន្លេក្នុងភូមិសាស្ត្រក្រុង ស្រុក ឃុំ សង្កាត់ និងមូលដ្ឋានមួយចំនួននៃខេត្ត ស្ទឹងត្រែង ហើយក៏នឹងធ្វើឱ្យកម្រិតកម្ពស់ទឹកទន្លេក្នុងខេត្តមានការហក់ឡើងយ៉ាងលឿនទៀតផង។
ក្នុងន័យនេះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង សូមស្នើអាជ្ញាធរ ផ្នែកមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មេត្តាជ្រាបជា ព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ត្រៀមបង្ការចំពោះអាយុជីវិតប្រជាពលរដ្ឋ ជនងាយរងគ្រោះ សត្វចិញ្ចឹម និងត្រៀមបម្រុងឱ្យបានខ្ពស់នៅទីតាំងលំនៅឋាន ផ្ទះសម្បែង ទីជម្រក និងស្បៀងអាហារ
ទឹកស្អាត ថ្នាំសង្កូវ សម្ភារឧបករណ៍ប្រើប្រាស់ចាំបាច់ និងរបស់របរមានតម្លៃផ្សេងៗ។ ទន្ទឹមនោះ សូមមេត្តាផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលាក្នុងករណីមានគ្រោះជំនន់ទឹកភ្លៀង ឬជំនន់ទឹកទន្លេកើតមានឡើងដោយប្រការណាមួយ ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តខេត្ត តាមរយៈលេខទូរសព្ទ ០៩៧៩១២៧០០០ ០១២៤៦ ៦៩៤៩២ ៕