ភូមិលាំងជាហឺ”ការចងចាំអំពីការហូបចុកក្រពះរបស់លោកស៊ីជីនភីងចាប់ផ្តើមទទួលយករបស់ដែលមិនធ្លាប់រំលាយពីមុនមក

ចែករំលែក៖

អន្តរជាតិ ៖ នៅពេលពួកគេទើបទៅដល់ភូមិលាំងជាហឺ លោកស៊ីជីនភីងនិងអ្នកផ្សេងទៀតបានបរិភោគអាហារដែលផ្តល់ដោយរដ្ឋបាលមួយរយៈពេល។ អាហាររួមមាននំម្សៅពោត និងនំម្សៅសណ្តែក។ ទាំងនេះជារបស់ដែលអ្នកភូមិធម្មតាមិនដាច់ចិត្តបរិភោគនោះទេ។ នៅពេលបរិភោគ មានក្មេងៗមកឈរនៅក្បែរ ហើយសម្លឹងមើលទាំងលេបទឹកមាត់។ នេះជាការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ វាមានគម្លាតធំណាស់រវាងការរស់នៅជនបទនិងការរស់នៅទីក្រុងប៉េកាំង ប៉ុន្តែការរស់នៅរបស់ពួកគេនៅតែប្រសើរជាងប្រជាជនក្នុងតំបន់។ នៅភូមិលាំងជាហឺ អ្នកភូមិបានប្រគល់ស្បៀងពាក់កណ្តាលទៅឱ្យរដ្ឋ។ បន្ទាប់ពីបានបញ្ចប់ភារកិច្ចទិញស្បៀង របស់រដ្ឋ ស្បៀងដែលនៅសេសសល់ត្រូវបានចែកចាយស្មើៗគ្នា។ មនុស្សម្នាក់ៗទទួលបានស្បៀងតែ១០គីឡូក្រាមប៉ុណ្ណោះក្នុងមួយខែ ដែលជាចំនួនពាក់កណ្តាលនៃស្បៀងផ្តល់ទៅឱ្យយុវជនដែលមានចំណេះដឹង។ ដើម្បីបរិភោគឆ្អែត អ្នកភូមិបានបរិភោគនំធ្វើពីកន្ទក់ស្រូវ បន្លែល្វីងចត់ និងស្លឹក ផ្ទីជាដើម ។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ ភូមិលាំងជាហឺធ្លាប់ខ្ចីចង្ក្រានរបស់លោកចាងវ៉ីផាង ហើយបានចាត់បញ្ជូនមនុស្សទៅចម្អិនអាហារឱ្យយុវជនដែលមានចំណេះដឹង។ អាហារយកធ្វើជាបាយគឺដំឡូងបារាំង នំម្សៅពោត សណ្តែកខ្មៅ។ ម្ហូបភាគច្រើនគឺបន្លែជ្រក់ដែលប្រើឆៃថាវនិងស្ពៃចិន។
ក្រោយមកយុវជនដែលមានចំណេះដឹងចាប់ផ្តើមចម្អិនអាហារដោយខ្លួនឯងដែលភាគច្រើនពួកគេបរិភោគនំធ្វើពីបន្លែព្រៃ នំម្សៅពោត ម្តងម្កាលក៏ញ៉ាំបាយស្ងួតធ្វើពីអង្ករតូចដែរ។ បើគ្មានបន្លែ ពួកគេក៏សុំបន្លែជ្រក់ បន្តិចបន្តួចពីអ្នកភូមិ ក្រោយមកបន្លែជ្រក់បានក្លាយទៅជាម្ហូបឆ្ងាញ់ពិសាដែល
លោកស៊ីជិនភីងនឹករឭក។ លោកបានថ្លែងថា “រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំនៅតែមានមនោសញ្ចេតនាចំពោះម្ហូបនៅជនបទភាគខាងជើងស្រាន់ស៊ី។ យកបន្លែជ្រក់ជាឧទាហរណ៍ ខ្ញុំពិតជានឹកវាណាស់ប្រសិនបើខានបានបរិភោគវាយូរ”។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ទាល់តែពួកគេចម្អិនដោយខ្លួនឯង ទើបយុវជនមានចំណេះដឹងដឹងថាការបរិភោគចំណីអាហារចូលក្នុងមាត់មិនមែនជារឿងងាយស្រួលនោះទេ។ រឿងលំបាកដំបូងបង្អស់គឺអុស។ ដោយសារតែមិនមានអុសគ្រប់គ្រាន់ ពួកគេតែងតែបរិភោគបាយឆៅ។
ការកាប់អុសជាបញ្ហាពិបាកមួយសម្រាប់យុវជនដែលមានចំណេះដឹង។ លើភ្នំគ្មានដើមឈើឬគុម្ពឈើសោះ តើត្រូវទៅកាប់អុសនៅឯណាបាន?
ជាធម្មតា ប្រជាជនក្នុងតំបន់យកចិត្តទុកដាក់ក្នុងការប្រមូលអុសទុកណាស់។ មានលាមកគោហើយ ច្របាច់វាដោយដៃ ហើយបោះវាទៅលើជញ្ជាំងដីដើម្បីហាលឱ្យស្ងួត ក៏អាចយកមកដុតបានដែរ។ នៅពេលមានទឹកជំនន់លើភ្នំ ប្រជាជនបានប្រើឧបករណ៍ប្រវែងប្រហែលពីរបីម៉ែត្រ ប្រថុយជីវិត
ដើម្បីស្រង់យកមែកឈើដែលបាក់ហូរមកតាមទឹកជំនន់។ ប្រជាកសិករ បានឡើងលើច្រាំងភ្នំចោទដើម្បីកាប់គុម្ពោតម្យ៉ាងឈ្មោះ”បន្លាធ្មេញចចក”។ អុសប្រភេទនេះធន់នឹងការដុត ប៉ុន្តែមនុស្សជាច្រើនក៏បានស្លាប់ឬពិការដោយសារវាដែរ។ ការកាប់អុសដែលមើលទៅជារឿងធម្មតា តែប្រកបទៅដោយដោយការបង្ហូរឈាមនិងការបង្ហូរទឹកភ្នែក។
យុវជនដែលមានចំណេះដឹងមិនអាចឡើងលើច្រាំងភ្នំចោទបានទេ ហើយក៏មិនអាចតទល់ជាមួយគុម្ពោតព្រៃដែលមានបន្លាបានដែរ។ ដូចនេះពួកគេក៏ទៅកាប់ស្មៅលើភ្នំវិញ។ មើលទៅដូចជាបានកាប់ច្រើនណាស់ ប៉ុន្តែដាក់ក្នុងចង្ក្រាន ត្រឹមតែពីរបីនាទីក៏ឆេះអស់ហើយ។ ស្មៅដែលកាប់ដោយយុវជន ៦ នាក់មិនអាចចំអិនអាហារមួយពេលបានទេ។ ក្រោយមក ភូមិបានយល់ព្រមឱ្យពួកគេប្រើគល់ពោតដែលស្តុកទុក ទើបដោះស្រាយបញ្ហាអុសរបស់ពួកគេបាន។
ការអត់ឃ្លានជារឿងធម្មតា។ ពេលដេកលើគ្រែធ្វើពីដីនៅពេលយប់ ពួកគេតែងតែ
និយាយជជែកគ្នាអំពីការញ៉ាំ កាន់តែនិយាយពួកគេកាន់តែឃ្លាន។ យោងតាមរបាយការណ៍នៅពេលនោះបង្ហាញថា មួយឆ្នាំក្រោយមក រដ្ឋបានលុបចោលការផ្គត់ផ្គង់ស្បៀងអាហារដល់យុវជនដែលមានចំណេះដឹង ហើយយុវជន ដែលមានចំណេះដឹងមាន៤០ ភាគរយមិនអាចផ្គត់ផ្គង់ស្បៀងអាហារដោយខ្លួនឯងបានទេ។
ពេលរំឭកពីដំណើរឆ្លងកាត់ការអត់ឃ្លាននៅពេលនោះ លោកស៊ីជីនភីងបានថ្លែងថា ក្នុងអំឡុងពេលមហាបដិវត្តន៍វប្បធម៌ ខ្ញុំបានទៅរស់នៅជនបទ។ ខ្ញុំធ្លាប់មិនដែលបានមានប្រេងឆាបរិភោគសូម្បីតែមួយតំណក់ អស់រយៈពេល៣ខែ គឺពិតជាបីខែមិនដែលបានស្គាល់ក្លិនសាច់បន្តិចសោះ។ ក្នុងរដូវរងាឆ្នាំនោះខ្ញុំបានទទួលប្រាក់ ពីរបីយ័នដែលគ្រួសារខ្ញុំផ្ញើមកឱ្យ។ ខ្ញុំនិងមិត្តស្នាក់នៅក្នុងរូងភ្នំបានទិញសាច់ជ្រូកក្លាសេពីរបីគីឡូក្រាម ។ ក្រោយពីទៅដល់ផ្ទះមិនទាន់ចម្អិនវាទេ គ្រាន់តែកាត់សាច់ជាចំណិតមកញ៉ាំ វាពិតជាមានរសជាតិ ឈ្ងុយឆ្ងាញ់ណាស់! ញ៉ាំពីរបីចំណិតហើយ ខ្ញុំបាននិយាយថាកុំញ៉ាំទៀតអី បើញ៉ាំទៀតច្បាស់ជាគ្មានសាច់ចំអិនម្ហូបទេ។ យើងទាំងអស់គ្នាបានឆ្លងកាត់ការរស់នៅដ៏សែនលំបាកបែបនេះ។

គេហទំព័រ «CCFR China state-controlled media » លើកឡើងថា ៖ ពេលខ្លះក្នុងក្រុមមានអ្នកកិនស្រូវសាលីទៅជាម្សៅហើយផ្តល់ដល់យុវជនដែលមានចំណេះដឹងដើម្បីសម្រួលការរស់នៅរបស់ពួកគេ។ លោកសៀនហ្សេងហ្វូនៅចាំថា នៅពេលធ្វើស្រែចំការនៅលើភ្នំមួយលើកនោះ លោកស៊ីជីនភីងបានយកនំធ្វើពីម្សៅស្រូវសាឡីឡើងភ្នំ។ ពេល ហូបបាយថ្ងៃត្រង់ គាត់ឃើញអ្នកភូមិនាំគ្នាហូបនំធ្វើពីអង្កាម គាត់ក៏មិនដាច់ចិត្តហូបនំធ្វើពីម្សៅស្រូវសាឡីនេះ ហើយក៏ចែកវាឱ្យស្ត្រីបរិភោគវិញ ហើយក៏ពោះទទេខ្លួនឯងមួយលើកទៅ។
លោកស៊ីជីនភីងក៏ធ្លាប់បានបរិភោគបាយសមួយលើកនៅភូមិលាំងជាហឺ ដែលនោះគឺមានតែមួយដងគត់ក្នុងការរស់នៅជនបទរយៈពេល ៧ ឆ្នាំរបស់លោក។ នៅពេលនោះនៅតំបន់ភាគខាងជើងខេត្តស្រាន់ស៊ី អង្ករពិតជាកម្រមានណាស់។ សូម្បីតែថ្ងៃបុណ្យទានក៏ដោយ ក៏មិនមានសម្រាប់បរិភោគបានដែរ។ លោកលីអ៊ីនថាង គឺជាអ្នកឱ្យបាយសមួយចាននោះទៅលោក ។
លោកលីអ៊ីនថាង ធ្វើការជាកម្មករនៅស្រុកតុងឈួន ហើយគាត់ជិតស្និទ្ធនឹងស៊ីជីនភីងណាស់។ ក្នុងពេលមួយនោះ គាត់បានយកអង្ករបន្តិចបន្តួចត្រឡប់មកផ្ទះវិញ ហើយបានសុំម្តាយរបស់គាត់ដាំអោយស៊ីជីនភីងភ្លក្សមើល។ ម្ដាយលីអ៊ីនថាង លាងអង្ករនិងដាំបាយសមួយចាន ហើយហៅលីអ៊ីនថាង យកទៅឱ្យលោកស៊ីជីនភីងទាន់នៅក្តៅៗ។ ប៉ុន្មានថ្ងៃក្រោយមក លោកវ៉ាងស៊ីនភីងដែលត្រូវបានផ្ទេរទៅធ្វើការនៅឃុំគួនជូង បានវិលត្រឡប់មក
លាំងជាហឺវិញ។ លោកស៊ីជីនភីងបានប្រាប់គាត់ថា “ហីជឺ ខ្ញុំបានហូបបាយសកាលពីរបីថ្ងៃមុន!” “ហេ! ហេតុអីក៏ឯងមានរបស់ល្អបែបនេះហូបចឹង?” “គ្រួសារអ៊ីនថាងបានឱ្យខ្ញុំមួយចាន ពិតជាឆ្ងាញ់មែន!” លោកស៊ីជីនភីងនិយាយរៀបរាប់ ដូចជាលោកទើបតែបានហូបបាយនោះរួច។
លោកស៊ីជីនភីងបានទទួលអារម្មណ៍កក់ក្តៅពីភូមិលាំងជាហឹ។ លោកស៊ីជីនភីងបាននិយាយទៅកាន់លោកវ៉ាងស៊ីនភីងដែលឧស្សាហ៍មកលេងគាត់ ថា “ពេលខ្ញុំឃ្លាន ប្រជាកសិករចំអិនម្ហូបឱ្យខ្ញុំហូប។ ពេលសម្លៀកបំពាក់ខ្ញុំប្រឡាក់ ប្រជាកសិករបោកសម្អាតឱ្យខ្ញុំ។ ពេលខោខ្ញុំរហែក ប្រជាកសិករដេរឱ្យខ្ញុំ…”។ ទាំងនេះ សុទ្ធតែបានផ្តល់ភាពកក់ក្តៅដល់យុវជនស៊ីជីនភីង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print