ខេត្តសៀមរាប÷អាជ្ញាធរជាតិអប្សរា ជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរ ផ្នែកខាងជើងស្ពានហាលប្រវែងចំនួន២០ម៉ែត្រជាបន្តទៀត ក្នុងដំណាក់កាលទី៨ នៅឆ្នាំ២០២៤។ ការងារនេះ គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៥ខាងមុខនេះ។
អ្នកស្រី នង បូរា៉វី មន្រ្តីបច្ចេកទេសគ្រប់គ្រងការដ្ឋានជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ឱ្យដឹងថា ស្ថានភាពច្រាំងកសិន្ធុប្រវែង២០ម៉ែត្រ ដែលត្រូវបន្តជួសជុលនេះ កាំជណ្តើរថ្មភក់មួយចំនួនស្រុតធ្លាក់ចូលក្នុងកសិន្ធុ និងកប់ក្នុងភក់ នាំឱ្យខូចខាតប្រមាណ៦០ភាគរយ។
អ្នកជំនាញរូបនេះ បញ្ជាក់ថា ដំបូងគឺត្រូវធ្វើទំនប់ហើយបូមទឹកចេញ ធ្វើសម្រង់ប្លង់ សម្អាតកំណកដី ហើយលើកកាំជណ្តើរថ្មភក់ មកលាងសម្អាត ចុះបញ្ជីថ្ម គូសប្លង់លម្អិតស្ថានភាពដុំថ្មនីមួយៗមុននឹងជួសជុលពង្រឹងថ្មដែលខូចខាត។ ជួសជុលពង្រឹងគ្រឹះ ហើយរៀបកាំ ជណ្តើរថ្មបាយក្រៀមថ្មីចំនួន៧កាំ ជំនួសថ្មបាយក្រៀមចាស់ដែលខូចខាត។ បន្ទាប់មក រៀបកាំជណ្តើរថ្មភក់ចំនួន៤កាំតាមលំនាំដើមឡើងវិញ។
អ្នកស្រី នង បូរ៉ាវី បន្ថែមថា ការដ្ឋានជួសជុលដែលស្ថិតនៅជាប់នឹងទឹកនេះ មានបញ្ហាប្រឈមមួយចំនួនត្រូវការពេលវេលា ការយកចិត្តទុកដាក់ អត់ធ្មត់ ការស្រឡាញ់ និងចង់ថែរក្សាមរតកដូនតា ដើម្បីឱ្យរឹងមាំគង់វង្សយូរអង្វែងបន្តទៀត។ មកដល់បច្ចុប្បន្ននេះ គិតទាំងនៅដំណាក់កាលទី៨នេះផង ការងារជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងជើងស្ពានហាល សរុបបានប្រវែងចំនួន១៦៣ម៉ែត្រហើយ៕