សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើក្រុងសៀងហៃបន្តចងសម្ព័ន្ធភាពខេត្តនានារបស់កម្ពុជាដើម្បីភ្ជាប់ប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

ចែករំលែក៖

ប្រទេសចិន ៖ ក្នុងជំនួបជាមួយ លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃប្រទេសចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យមានការចងសម្ព័ន្ធភាពរវាងក្រុងសៀងហៃនិងខេត្តនានារបស់ប្រទេសកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនឱ្យកាន់តែស្និទ្ធិស្នាលបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជាច្រើនវិស័យទៀត មានទាំងទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ជាដើម។

សម្តេចប្រធានរដ្ឋភា និង លោក ឈិន ជីនីង (Chen Jining) លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ បានជួបពិភាក្សាការងារនៅរសៀលថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤ ខណៈដែលសម្តេចរដ្ឋសភាធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ច នៅក្រុងសៀងហៃ ក្រោយពីបានបញ្ចប់ទស្សនកិច្ចនៅរដ្ឋធានីប៉េងកាំង

លោក ឈិន ជីនីង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលបានបំពេញទស្សនកិច្ចនៅក្រុងសៀងហៃ ដែលជាខេត្តមានសេដ្ឋកិច្ចនាំមុខគេរបស់ប្រទេសចិន។ លោកបានលើកពីចំណងមិត្តិភាពដ៍រឹងមាំរវាងកម្ពុជាចិន ដែលបានពូនជ្រំដោយថ្នាក់ដឹកនាំជំនាន់មុខនៃប្រទេសទំាងពីរនិងបានបន្តថែរក្សាលើកកម្ពស់ជាលំដាប់ក្នុងសម័យបច្ចុប្បន្ន បានក្លាយជាមិត្តភាពដែកថែប ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ យកពលរដ្ឋជាស្នូលក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។
លោកលេខាធិការបក្សក៏បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ក្រុងសៀងហៃ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពី លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងការអនុវត្តនយោបាយប្រជាធិបតេយ្យ បែបប្រជាជន ដែលបានធ្វើឱ្យទីក្រុងនេះមានការរីកចម្រើនយ៉ាងខ្លាំង។ ក្នុងពេលបច្ចុប្បន្នក្រុងសៀងហៃបានចាត់ផ្តល់អាទិភាពលើការអភិវឌ្ឍដោយយកពលរដ្ឋជាស្នូល នៅលើវិស័យជាអាទិភាពចំនួនពីរគឺវិស័យអប់រំនិងសុខាភិបាល។

សៀងហៃមានទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដោយនៅក្នុងនោះមានសាកលវិទ្យាល័យ បានបើកបង្រៀនភាសាខ្មែរ និងមានសាកលវិទ្យាល័យមួយទៀត បង្រៀនខាងកសិកម្ម ហើយមាននិស្សិតកម្ពុជាជាច្រើននាក់ បានកំពុងសិក្សានៅទីនេះ។
លោក ឈិន ជីនីង បានស្វាគមន៍ចំពោះការភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជានិងក្រុងសៀងហៃឱ្យបានកាន់តែស្អិតល្មួតថែមទៀតដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងការកោតសរសើរចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីបក្ស សភា និងប្រជាជនក្រុងសៀងហៃ ដល់គណៈប្រតិភូរដ្ឋភាកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា ចំណងមិត្តភាពកម្ពុជាចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិ ដោយផ្អែកលើការកសាងជំនឿទុកចិត្តយ៉ាងស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ”យើងនឹងអាចបន្តថែរក្សា ពូនជ្រុំ និងអភិវឌ្ឍទំនាក់ទំនងដែលចេញពីបេះដូងរបស់យើង ឈានឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់”នេះជាការគូសបញ្ជាក់បន្ថែម របស់សម្តេចប្រធានរដ្ឋសភា។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្តថា ទោះបីដំណើរទស្សនកិច្ចនៅទីក្រុងសៀងហៃ មានរយៈពេលខ្លីក៏ពិតមែន ក៏ប៉ុន្តែជាដំណើរទស្សនកិច្ចមួយដ៏មានតម្លៃ គួរចងចាំ និងមានសារៈសំខាន់បំផុត ព្រោះមានឱកាសបានសិក្សា ស្វែងយល់ និងរៀនសូត្របានយ៉ាងច្រើនពីមិត្តចិន ព្រមទាំងបង្កើនបាននូវភាពជិតស្និទ្ធនៃការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងជាមួយក្រុងសៀងហៃផ្ទាល់តែម្តង ហើយសង្ឃឹមថា ការផ្លាស់ប្តូរបែបនេះនឹងកើតមានជាបន្តទៀតនាពេលអនាគត។

ក្រុងសៀងហៃ ជាមជ្ឈមណ្ឌលសកលសម្រាប់វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការដឹកជញ្ជូន ព្រមទាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយកិច្ចការទាំងនេះបាននិងកំពុងដំណើរការយ៉ាងសកម្ម ដោយផ្អែកលើកត្តានវានុវត្តន៍ ការកែទម្រង់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពបើកចំហ ទៅកាន់ពិភពលោក។
ជាមួយនឹងការស្នើបន្តពង្រីកបណ្តាញសម្ព័ន្ធមេត្រីភាព រវាងទីក្រុងសៀងហៃ ជាមួយនឹងទីក្រុង និងខេត្តនានា របស់ប្រទេសកម្ពុជា សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ត្រូវបានកំណត់ដោយទំនាក់ទំនងយ៉ាងជ្រាលជ្រៅរវាងប្រជាជននិងប្រជាជន និងចំណងមិត្តភាពចេញពីបេះដូងនិងបេះដូងយ៉ាងស៊ីជម្រៅ ដែលញុំងឱ្យកម្ពុជា-ចិនប្តេជ្ញាធ្វើការរួមគ្នាឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួម ក្នុងយុគសម័យថ្មី ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ហើយការទូតសភា និងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌសភា ដើរតួនាទីកាន់តែសំខាន់ក្នុងការរួមចំណែកដល់ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ ដោយយកប្រជាជនជាស្នូល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print