នាយករដ្ឋមន្រ្ដី បញ្ជាឱ្យក្រសួងយុត្តិធម៌ពិនិត្យ និងដាក់បណ្ដឹងឧទ្ធរណ៍ ករណីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់៤នាក់ និងរបួសអ្នកដទៃ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជាបញ្ជាឱ្យក្រសួងយុត្តិធម៌ពិនិត្យ និងដាក់បណ្ដឹងឧទ្ធរណ៍ ករណីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់៤នាក់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឬស្សីកែវ ដាក់ពន្ធនាគារកំណត់រយៈពេល ០៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន)រៀល ពីបទ “បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ” ប្រព្រឹត្តនៅចំណុចស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឬស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖«ខ្ញុំមិនល្អឥតខ្ចោះទេ ហើយការងារក៏ខ្ញុំមិនអាចបំពេញអស់ដែរ។ ខ្ញុំក៏តែងតែត្រូវមាត់មេដែរ។ ដូច្នេះយើងត្រូវខិតខំកែលម្អ និងពង្រឹងសមត្ថភាពជានិច្ច»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើជាថ្មីចំពោះស្ថាប័នអយ្យការ ស្ថាប័នតុលាការទូទាំងប្រទេស សូមពន្លឿនការអនុវត្តច្បាប់ ឲ្យបានរឹងមាំចំពោះជនល្មើស ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គម ។ សម្តេចធិបតី លើកឡើងថា បើអតិបរិមានៃទោសកំណត់ឱ្យផ្តន្ទាប៉ុណ្ណឹងតុលាការក៏មិនហ៊ានអនុវត្តលើសពីច្បាប់ដែរ តែសូមឱ្យក្រសួងយុត្តិធម៍ ចេញអធិបបញ្ជា ដើម្បីប្តឹងឧទ្ទរណ៍ក្នុងករណីបុរសបើកបរក្នុងស្ថានភាពស្រវឹងបុកមនុស្សស្លាប់៤នាក់ មើលទៅដូចជាធ្ងន់ធ្ងរ ក្លាយជាការវែកញែកមួយក្នុងសង្គម ដែលយើងមិនចង់ឱ្យមាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងយុត្តិធម៌ប្តឹងទៅឧទ្ធរណ៍លើករណីបុរសបុករះនៅស្ពានអាកាសឫស្សីកែវ ដើម្បីពិនិត្យមើល តើទោសសម្រេចដោយសាលាដំបូងរាជធានីភ្នំពេញ គ្រប់គ្រាន់ហើយឬនៅ? បើច្បាប់កំណត់ត្រឹមហ្នឹង ! ត្រូវធ្វើវិសោធនកម្មច្បាប់ឡើងវិញ ចំពោះច្បាប់ត្រូវផ្តន្ទាទោសអ្នកបើកបរក្នុងស្ថានភាពស្រវឹង បុកមនុស្សស្លាប់ ដើម្បីជាគំរូ កុំឱ្យអ្នកផ្សេងទៀតប្រព្រឹត្របែបនេះ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ។

សូមបញ្ជាក់ថា ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈ នូវសាលក្រមព្រហ្មទណ្ឌលេខ ៣៨៦៧ «វ» នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៤៩០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអូន ភេទប្រុស អាយុ ៥៦ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ០៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន) រៀល ពីបទ បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុច ស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុចគ និងមាត្រា ៨៥ កថាខណ្ឌទី២ចំណុចខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា ករណីនេះ ទោះបីជាដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់បានទទួលសំណង និងដកពាក្យបណ្តឹងរួចហើយក៏ដោយ ក៏ចៅក្រមជំនុំជម្រះបានប្រកាសទោសដាក់ ពន្ធនាគារក្នុងកម្រិតអតិបរមានៃទោសដែលច្បាប់បានកំណត់ និងបានប្រកាសទោសបន្ថែមលើជនជាប់ចោទឈ្មោះ នាង សំអូន ដោយហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទរយៈពេល ៥ឆ្នាំ បន្ទាប់ពីបានអនុវត្តទោស ចប់ក្នុងពន្ធនាគារ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print