ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ៖ ដំណើរទស្សនកិច្ចទៅកាន់បណ្ដាខេត្តភាគឦសាន ពោលគឺទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី នៅតែបន្តធ្វើដដែលតាមផែនការ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋឱ្យស្វែងយល់ពីការអភិវឌ្ឍនៅក្នុងបណ្ដាខេត្តទាំងនោះ។
នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរទស្សនកិច្ចនេះដែរ មិនមែនធ្វើឡើងដោយសារតែកិច្ចសហប្រតិបត្តិការ CLV-DTA នោះទេ ប៉ុន្តែដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានឃើញពីការអភិវឌ្ឍជាក់ស្តែងនៅតំបន់នោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ៖ ដំណើរទស្សនកិច្ចនេះ ក៏ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងវិស្វកម្មផងដែរ ពោលគឺដើម្បីឱ្យពលរដ្ឋបានមើលឃើញពីការងារអភិវឌ្ឍជាក់ស្តែងរបស់កងវិស្វកម្មដែលបានពុះពារខិតខំប្រឹងប្រែងកសាងផ្លូវក្រវាត់ព្រំដែន។
សូមបញ្ជាក់ថា ៖ ក្រុមយុវជន ដែលបានចុះទស្សនកិច្ចលេងកម្សាន្តនៅតាមព្រំដែន បានបង្ហាញក្តីរំភើប ដែលបានឃើញដោយផ្ទាល់ភ្នែកពីស្ថានព្រំដែន និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចការពារបូរណភាពទឹកដី ជាក់ស្តែងតាមរយៈការបោះបង្គោលព្រំដែនច្បាស់លាស់ មិនដូចការផ្សព្វផ្សាយចោទប្រកាន់ថារដ្ឋាភិបលកាន់ដីឱ្យប្រទេសជិតខាង។
សូមជម្រាបថា ៖ កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែននោះទេ។
ប្រជាពលរដ្ឋ បានបង្ហាញការយល់ឃើញ និងសេចក្តីរំភើបថា បន្ទាប់ពីបានចុះមកទស្សនកិច្ចដោយផ្ទាល់ នៅតាមព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ទើបលោកភ្លឺច្បាស់នឹងភ្នែកថា ការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង មានភាពច្បាស់លាស់ និងមិនបានបាត់ដីទៅឱ្យប្រទេសជាតិខាង ដូចការផ្សព្វផ្សាយចោទប្រកាន់ពីសំណាក់ក្រុមប្រឆាំងនោះទេ៕
ដោយ ៖ សិលា