ឌីជីថល ៖ ក្រុង ស្រុក ខណ្ឌ ជាបន្តបន្ទាប់បាននិងកំពុងដំណើរការសាកល្បងសេវាច្រកចេញចូលតែមួយ តាមប្រព័ន្ធអនឡាញ

ចែករំលែក៖

ភ្នំពេញ ៖ ស្របតាមយុទ្ធសាស្រ្តបញ្ចុកោណរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត យ៉ាងហោចណាស់មានក្រុង ស្រុក ខណ្ឌ ចំនួន៥ បានចេញផ្សាយជាបន្តបន្ទាប់នូវសេចក្ដីជូនដំណឹងស្ដីពីការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ។

ក្នុងចំណោមក្រុង ស្រុក ខណ្ឌ ទាំងនោះ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានរំលេចឱ្យដឹងត្រួសៗថា មានជាអាទិ៍រដ្ឋបាលក្រុងបាត់ដំបង រដ្ឋបាលស្រុកមោងឫស្សី រដ្ឋបាលស្រុកបាណន់ រដ្ឋបាលខណ្ឌទួលគោក និងរដ្ឋបាលក្រុងសិរីសោភ័ណ។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ប្រភេទសេវាដែលបាននិងកំពុងអនុវត្តសាកល្បងតាមបណ្ដាក្រុង ស្រុក ខណ្ឌទាំងនោះ រួមមាន ទី១-ការងារនីត្យានុកូលកម្មមានចំនួន៣សេវា (អត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារ) ទី២-ការងារអត្រានុកូលដ្ឋានចំនួន៣សេវា(សេចក្តីចម្លងឬបញ្ជាក់សំបុត្រកំណើត សេចក្ដីចម្លងឬបញ្ជាក់សំបុត្រអាពាហ៍ពិពាហ៍ និងសេចក្ដីចម្លងឬបញ្ជាក់សំបុត្រមរណភាព) និងទី៣-វិស័យទេសចរណ៍ចំនួន៣សេវា (ការស្នើសុំបើកថ្មី ស្នើសុំបន្តសុពលភាពនិងស្នើសុំប្តូរម្ចាស់ ចំពោះអាជីវកម្មផ្ទះសំណាក់ចាប់ពី៨បន្ទប់ចុះក្រោម)។

ផ្អែកតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងផ្សេងៗគ្នានោះ គេអាចដឹងជាទូទៅបានថា នីតិវិធីនៃការផ្តល់សេវាតាមប្រព័ន្ធអនឡាញខាងលើនេះ នឹងប្រព្រឹត្តទៅតាមដំណាក់កាលនីមួយៗ រួមមាន ១-ការទទួលពិនិត្យនិងវាយតម្លៃលើសំណុំឯកសារស្នើសុំសេវា ២-ការបង់កម្រៃសេវារដ្ឋបាល(ក្នុងករណីតម្រូវបង់) ៣-ការពិនិត្យ និងផ្តល់យោបល់បច្ចេកទេស ៤-ការពិនិត្យនិងការសម្រេច និង៥-ការផ្តល់លទ្ធផលសម្រេច។ ដំណាក់កាលចុងក្រោយនេះ គឺមានន័យថាប្រជាពលរដ្ឋដែលបានស្នើសុំសេវានឹងត្រូវទទួលយកសេវានោះដោយផ្ទាល់ បន្ទាប់ពីបានអនុវត្តនីវិធីតាមប្រព័ន្ធអនឡាញ។

ជាការកត់សម្គាល់ រាល់ឯកសារដែលស្នើសុំសេវាតាមប្រព័ន្ធអនឡាញត្រូវថតឱ្យបានច្បាស់ឬផ្ញើជា File PDF តាមរយៈគេហទំព័រ https://onlinedmk.owso.gov.kh/ ។ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋនៅតែអាចបន្តស្នើសុំសេវាដូចគ្នានេះនៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ជាធម្មតា ទាំងសេវាដែលដាក់ឱ្យដំណើរការសាកល្បងតាមអនឡាញ និងសេវាជាប្រក្រតីផ្សេងទៀត ដោយនៅទីនោះ មានក្រុមមន្រ្តីចាំទទួលស្វាគមន៍ និងប្រឹក្សាយោបល់ប្រកបដោយក្ដីរាក់ទាក់បំផុត។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានបន្ថែមថា ការដាក់ឱ្យដំណើរការសាកល្បងនូវសេវាច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ តាមប្រព័ន្ធអនឡាញនេះស្ដែងឡើងស្របតាមគោលការណ៍ណែនាំ និងទិសដៅអាទិភាពការងារ ដែលដាក់ចេញដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ទិសដៅអាទិភាព គឺការខិតខំជំរុញការធ្វើទំនើបកម្មសេវាមួយចំនួនពីបែបប្រពៃណី ឬការជួបផ្ទាល់ មកជាការរៀបចំតាមអនឡាញជាមុន ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ស្របតាមទស្សនៈ «ធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕

...

ដោយ ៖ បណ្ឌិត ទូច សុខៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print