ខេត្តបាត់ដំបង ៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាដំបង បានអញ្ជើញដឹកនាំប្រតិភូចុះសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅស្រុករតនៈមណ្ឌល, ស្រុកសំឡូត, ស្រុកសំពៅលូន និងស្រុកកំរៀង នៃខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាល លោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការចូលរួមផងដែរ។
កិច្ចសំណេះសំណាលសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងស្រុកចំនួន៤ រួមមាន៖
ទី១៖ ស្ថិតនៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥២ ភូមិផ្លូវមាស ស្រុករតនមណ្ឌល មានការអញ្ជើញចូលរួមពី៖ កងពលតូចថ្មើរជើងលេខ៥២ ស្រុករតនៈមណ្ឌល, វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត, កងការពារព្រំដែនលេខ៥០២ ស្រុកសំឡូត, វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ស្រុកសំឡូត
ទី២៖ ស្ថិតនៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥៣ ស្ថិតនៅភូមិកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី៖ កងពលតូចថ្មើជើងលេខ៥៣ ស្រុកកំរៀង, វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ស្រុកកំរៀង និងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន។
ក្នុងឱកាសនោះដែរ លោក សុខ លូ ក៏បាននាំយកអំណោយរបស់រដ្ឋបាលខេត្តបាត់ដំបង បានឧត្ថមគ្រឿងឧបភោគ បរិភោគមួយចំនួនក្នុងមួយអង្គភាពទទួលបាន ភេសជ្ជៈចំនួន៣០កេស, ទឹកសុទ្ធ៥០កេស, នំអន្សមជ្រូក១ស្លឹក, សាច់ជ្រូកស្រស់ ៦០គីឡូក្រាម, បន្លែស្រស់៥០គីឡូក្រាម និងថវិកា៦លានរៀល ដើម្បីធ្វើការចែកជូនដល់កងកម្លាំងដែលការពារនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃបុណ្យជាតិធំផ្សេងៗ រដ្ឋបាលខេត្ត តែងតែបាននាំអំណោយចុះមកសួរសុខកងកម្លាំងឈរជើងនៅតាមស្រុកជាប់ព្រំដែនជារៀងរាល់ឆ្នាំ ដោយបានផ្សារភ្ជាប់គ្នាសម្ព័ន្ធមេត្រីភាព រវាងសមរភូមិមុខ និងសមរភូមិក្រោយជាប្រចាំរហូត។ រដ្ឋបាលខេត្ត សូមធ្វើការកោតសសើរ ដល់កងកម្លាំងដែលបានលះបង់ នៅឆ្ងាយពីក្រុមគ្រួសារមកបំពេញការងារ ការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋ រស់នៅបានសុខសាន្តជាដារាបមកផងដែរ៕
ដោយ ៖ សិលា