ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឱ្យសហរដ្ឋអាមេរិកដាក់សម្ពាធលើអុីស្រាអែលឱ្យទទួលយកផែនការឈប់បាញ់រយៈពេល 21 ថ្ងៃនៅក្នុងប្រទេសលីបង់។ លោកបាននិយាយថា ការឈ្លានពានរបស់អុីស្រាអែលនឹងក្លាយជាកំហុសធំ។
រដ្ឋមន្ត្រីការបរទេសអុីស្រាអែល Israel Katz ពីមុនបានច្រានចោលកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នដែលស្នើឡើងដោយបារាំង និងអាមេរិក។ នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា លោកបានណែនាំកងទ័ពឱ្យបន្តការប្រយុទ្ធ។
នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាណាដាកាលពីថ្ងៃទី 26 ខែកញ្ញា លោក Macron បាននិយាយថា នៅមានពេលសម្រាប់លោក Netanyahu ក្នុងការអនុម័តផែនការនេះ។ លោក Macron បាននិយាយថា “ខ្ញុំជឿថាអាមេរិកត្រូវតែបង្កើនសម្ពាធលើនាយករដ្ឋមន្ត្រីអុីស្រាអែលដើម្បីធ្វើដូច្នេះ” ។ ប្រសិនបើលោក Netanyahu មិនព្រម ប្រធានាធិបតីបារាំងបាននិយាយថា លោកនឹងលើកបញ្ហានេះជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោក Macron បាននិយាយថា “យើងរង់ចាំឱ្យដៃគូរបស់យើងទាំងអស់និយាយឡើង ហើយប្តេជ្ញាមកពួកយើងដើម្បីផ្ញើសារច្បាស់លាស់នេះ៖ អុីស្រាអែលមិនអាចឈ្លានពានលីបង់បានទេ។ សង្គ្រាមមិនអាចកើតឡើងនៅក្នុងប្រទេសលីបង់នៅពេលនេះបានទេ។ នោះជាកំហុសដ៏ធំមួយ ហានិភ័យនៃការកើនឡើងគឺធំធេង” ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងម៉ុងរ៉េអាល់មុននេះ មេដឹកនាំបារាំងបាននិយាយថា លោកមិនគិតថាការអត្ថាធិប្បាយរបស់មន្ត្រីអុីស្រាអែលលើសំណើបទឈប់បាញ់មានភាពច្បាស់លាស់នោះទេ។
លោក Macron ក៏បាននិយាយផងដែរថា បារាំងប្រឆាំងការប្រែក្លាយលីបង់ទៅជាតំបន់ហ្គាហ្សាស្ទ្រីបថ្មី ដោយអំពាវនាវឱ្យអុីស្រាអែលឈប់វាយប្រហារ ហើយក្រុមហេសបូឡាហ៍បញ្ឈប់ការសងសឹក។
ជម្លោះកាន់តែតានតឹងរវាងអុីស្រាអែល និងកម្លាំងហេសបូឡាហ៍លីបង់ កំពុងបង្កឱ្យមានការព្រួយបារម្ភអំពីហានិភ័យនៃសង្រ្គាមរីករាលដាលពាសពេញតំបន់ ដោយអូសទាញកងកម្លាំងសម្ព័ន្ធមិត្តដែលគាំទ្រអុីរ៉ង់នៅក្នុង “អ័ក្សនៃការតស៊ូ” និងបណ្តាប្រទេសលោកខាងលិចដែលគាំទ្រអុីស្រាអែល៕ ដោយធីរីណា
រូបថត: Reuters