នាយករដ្ឋមន្ដ្រីអំពាវនាវគ្រប់ភាគីពាក់ព័ន្ធចូលរួមកាន់តែខ្លាំងក្លាដល់ចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» (Tourism and Peace) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធចូលរួមកាន់តែខ្លាំងក្លា ដល់ចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ ដើម្បីធ្វើឱ្យកម្ពុជា ស័ក្តិសមជាព្រះរាជាណាចក្រអច្ឆរិយៈ និងក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ។

ក្នុងសារលិខិតនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការទ្វេភាគី ត្រីភាគី ពហុភាគីលើគ្រប់វិស័យរាប់ទាំងវិស័យ ទេសចរណ៍នេះផង កម្ពុជាតែងតែគោរព ទៅលើគោលការណ៍ សន្តិសហវិជ្ជមាន (Peaceful Coexistence) របស់សហគមន៍អន្តរជាតិ ហើយដែលសកម្មភាពទាំងអស់នេះ បានចូលរួមក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរួមទាំងលើក កម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ ។ 

សម្ដេចធិបតី ក៏បានអំពាវនាវឱ្យមានការចូលរួម ឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាព គុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព បរិយាបន្ន ដើម្បីឱ្យការអភិវឌ្ឍ បានជាផ្លែផ្កាទៅគ្រប់ភាគីពាក់ព័ន្ធ ។ 

ដើម្បីជាការចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ ទេសចរណ៍ និងសន្តិភាព សម្ដេចនាយករដ្ឋមន្ដ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិនិងអន្តរជាតិ សូមមេត្តាចូលរួមគាំទ្រ និងរក្សាឱ្យបានសុខសន្តិភាព វិបុលភាពទោះនៅក្នុងតម្លៃណា ក៏ដោយមានសន្តិភាពទើបមានការអភិវឌ្ឍគ្រប់វិស័យ ជាពិសេស ត្រូវរួមគ្នាអភិរក្សវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិ សហគមន៍ទេសចរណ៍ វប្បធម៌ ប្រពៃណី ឧទ្យានជាតិ ព្រៃសហគមន៍ ផ្សោតទន្លេមេគង្គ ព្រៃឈើ ការការពារបរិស្ថាន ការជំរុញបង្កើនគុណភាពផលិតផល និងសេវាទេសចរណ៍ ការរក្សាបាននូវសុខសន្តិភាព សុវត្ថិភាពទេសចរ ការរក្សាភាពញញឹម រួសរាយរាក់ទាក់ជាប្រពៃណីរបស់ប្រជាជន ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ ភ្ញៀវយ៉ាងកក់ក្តៅ ក្នុងស្មារតីស្រលាញ់រាប់អាន សហប្រតិបត្តិការល្អ ជាពិសេសចូលរួមកាន់តែខ្លាំងក្លា ដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ ដើម្បីធ្វើឱ្យកម្ពុជាស័ក្តិសម ជាព្រះរាជាណាចក្រអច្ឆរិយៈ និងក្លាយជាគោលដៅទេសចរណ៍ លំដាប់ពិភពលោក ។ 

សម្ដេចធិបតី បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែង របស់យើង តាមទស្សនទានទាំងឡាយ ដែលបានលើកឡើង ខាងលើនេះ គឺជាបុព្វហេតុដើម្បីអភិវឌ្ឍ វិស័យទេសចរណ៍របស់យើង ដែលធ្វើឱ្យកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ក្លាយជាគោលដៅ ទេសចរណ៍លេចធ្លោ ប្រកបដោយភាពទាក់ទាញ និងមានឧត្តមភាព ប្រកួតប្រជែងខ្ពស់ ផ្តល់នូវភាពកក់ក្តៅ ដល់ទេសចរគ្រប់ជាតិសាសន៍ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print