សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរតំណែង ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ និង ប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរតំណែង លោក ហួត ហាក់ ជាប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ និង លោក សុខ សូកេន ជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច នៅវិមាន ៧មករា នារសៀល ថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមុិញ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តោតសំខាន់ទៅលើការដឹកនាំចំពោះមុខ ត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស ច្បាប់របស់រដ្ឋ ចាត់តាំងអនុវត្តន៍ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន។ ដឹកនាំល្អត្រូវគិតគូរខាងអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសារ ចាស់ទុំនយោបាយ តែត្រូវម៉ឺងម៉ាត់ខាងគោលជំហរ។ អ្នកដឹកនាំត្រូវធ្វើភាពជាគម្រូ ដល់អ្នកដែលនៅក្រោមការដឹកនាំរបស់យើង ក្នុងនោះគម្រូអនុវត្តន៍ដីកាច្បាប់ ក្នុងជីវភាពរស់នៅ ក្នុងការងារសាមគ្គីភាពឯកភាពផ្ទៃក្នុង និងគោរពអង្គការវិន័យរបស់បក្ស។

សម្តេចបានបន្ថែមទៀតថា ការដឹកនាំល្អ ត្រូវគោរព និងអនុវត្តន៍ឱ្យបានត្រឹមត្រូវ របបធ្វើការងាររបស់គណបក្ស នោះគឺរបបប្រជុំ ចុះមូលដ្ឋាន ត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និងសុំយោបល់ ហើយត្រូវចងចាំថា សូមកុំមើលរំលងរបបមួយណានោះទេ។

ថ្លែងក្នុងពិធីនេះផងដែរ លោក ហួត ហាក់ និង លោក សុខ សូកេន ក៏បានធ្វើប្តេជ្ញាចិត្ត ដូចតទៅ ៖

១. អនុវត្តឲ្យបាន គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គោរព និងស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជា ដោយឥតងាករេ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំ ឱ្យខាងតែបាន ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់។

២. ខិតខំយកចិត្តទុកដាក់អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភាឱ្យទទួលបានលទ្ធផលខ្ពស់ជាអតិបរមា។

៣. ពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា នៅក្នុងក្រសួងទេសចរណ៍ និងពង្រឹងសាមគ្គីភាពយ៉ាងរឹងមាំ ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា នៅគ្រប់លំដាប់ថ្នាក់ និងគ្រប់ទិសទី លើកទឹកចិត្ត និងថែរក្សាសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់របស់ក្រសួងទេសចរណ៍ ឱ្យបន្តការគ្រាំទ្រគណបក្សប្រជាជនកម្ពុជា។

៤. ប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយណាដែលប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

៥. អនុវត្តគោលការណ៍ចាត់តាំងសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវឱ្យបានល្អជាទីបំផុត បន្តចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអភិក្រមទាំង៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ”៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print