ខេត្តព្រៃវែង ៖ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង និងក្រុមការងារមន្ទីរព័ត៌មានខេត្ត ដឹកនាំដោយលោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ បានអញ្ជើញចុះជួបអាជ្ញាធរ និងប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងភូមិសាស្ត្រស្រុកបាភ្នំ និងបានពិនិត្យស្ថានភាពជាក់ស្តែងតាមទីវត្តអារាម និងទីរមណីយដ្ឋាននានានៅទីនោះ ក្នុងគោលបំណងបង្ហាញពីការពិតជាក់ស្តែងក្នុងតំបន់ ជាពិសេសតំបន់រមណីយដ្ឋាននគរភ្នំ ដែលជាគោលដៅទសេចរណ៍បែបប្រវត្តិសាស្ត្រពោរពេញដោយភាពទាក់ទាញមួយកន្លែង ក្នុងស្រុកបាភ្នំ។ នៅទីនោះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានតែងគោរពជាទីសក្ការៈបូជា និងជាទីដ្ឋានសម្រាប់ការរៀបចំបុណ្យទាន ពិធីសាសនានានាដោយមានគ្រឿងសក្ការៈផ្សេងៗ ជារៀងរាល់ឆ្នាំមិនដែលអាក់ខានម្ដងណាឡើយ។
រដ្ឋបាលស្រុកបាភ្នំបានខិតខំយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍមូលដ្ឋានស្រុកបាភ្នំនេះឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះរាប់បញ្ចូលទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការធ្វើដំណើរ ដឹកជញ្ជូន ក៏ដូចជាការចាក់ផ្លូវបេតុងនៅជុំវិញផ្លូវចេញចូលភ្នំរមណីយដ្ឋាន ដែលបានបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តជារៀងរាល់ថ្ងៃ ក៏ដូចជាក្នុងឱកាសបុណ្យទានផ្សេងៗផងដែរ។ នៅក្នុងទីតាំងនោះ បងប្អូនប្រជាពលរដ្ឋប្រកបមុខរបរលក់ដូរមានទាំងកញ្ចុះ មានទាំងសម្ភារៈភេសជ្ជៈផ្សេងៗនៅទីនោះយ៉ាងច្រើនកុះករដើម្បីទទួលស្វាគមន៍ដល់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅរមណីយដ្ឋាននគរភ្នំនេះផងដែរ។
ការអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងក្នុងតំបន់រមណីយដ្ឋាននេះ បានធ្វើឡើងក្រោយមានផ្សាយព័ត៌មានបំភ្លៃថាតំបន់រមណីយដ្ឋានបាភ្នំ ត្រូវបានបំផ្លាញដោយការយកថ្មភ្នំ។ រដ្ឋបាលស្រុកបាភ្នំសូមបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតនេះ ដែលមានចរិតអគតិ មានគោលបំណងបំភាន់សាធារណមតិ និងបានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំ និងកិត្តិយសរបស់រដ្ឋបាលស្រុកបាភ្នំ ក៏ដូចជាសក្តានុពលក្នុងខេត្តព្រៃវែងទាំងមូល ៕
ដោយ ៖ សិលា