ខេត្តត្បូងឃ្មុំ៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានចុះពិនិត្យស្ថានភាពទឹកទន្លេមេគង្គ ក្នុងភូមិសាស្រ្តស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ ដែលបានហក់ឡើងជាបន្ត បន្ទាប់ ធ្វើឱ្យទឹកទន្លេហូរចូលគ្រប់ច្រកល្ហក ជាពិសេសទឹកជន់លេចតំបន់ទំនាប ស្ថានភាពនេះបណ្តាលឱ្យកើតមានឧបទ្ទវហេតុមួយចំនួនខូចខាតផ្ទះសម្តែង,ផល ដំណាំ ស្ថិតនៅភូមិទួលខ្សាច់ ភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។
ពិធីនេះអមដំណើរដោយលោក គន់ រ័ត្នមុនី អភិបាលរងត្បូងឃ្មុំ អភិបាលស្រុកត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។
តាមលោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានរាយការណ៍ជូនទេសរដ្ឋមន្ដ្រីជ្រាបថា ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពមានចំនួន ១,១៨១គ្រួសារ ស្មើរនឹង ៤,០២៥នាក់ និងសត្វពាហនៈចំនួន ១៧៤៦ក្បាល មកស្នាក់នៅលើទីទួលសុវត្ថិភាពចំនួន ១១ទីតាំង ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ។
ក្នុងឱកាសចុះពិនិត្យ និងសួរសុខទុក្ខពលរដ្ឋ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បាននាំយកការសួរសុខទុក្ខផ្តាំផ្ញើពីសំណាក់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
ទេសរដ្ឋមន្ត្រីបន្តឱ្យបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរតាមទូក ពិសេសកូនក្មេង សត្វចិញ្ចឹម ប្រព័ន្ធភ្លើងអគ្គិសនី ជៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុកើតឡើងណាមួយផងដែរ៕