ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤នេះ សូមបំភ្លឺជូនសាធារណជនពាក់ព័ន្ធករណី រថយន្តបើកបរ ផ្ទុកទំនិញសំពីងសំពោង បណ្តាលឱ្យហើបផ្នែកខាងមុខនៃរថយន្ត នៅចំណុចលើស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ ស្ថិតនៅក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១០:០០នាទី ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ឈុន ជីឈួន អធិការនគរបាលក្រុងសំពៅពូន បានបញ្ជាកម្លាំងផ្នែកជំនាញក្រុងស្រាវជ្រាវស្វែងរករថយន្តដែលល្មើសខាងលើ ។
ជាលទ្ធផល៖
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង០០នាទី
-អ្នកបើកបររថយន្តឈ្មោះ វ៉ាន់ កក្កដា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង មុខរបរបើកបរ ។
-ម្ចាស់រថយន្តឈ្មោះ គឹម ហាក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្គុល ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ មុខរបរលក់បន្លែ ។
អ្នកទាំងពីរបានចូលខ្លួន និងនាំយករថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2J-2451 មកអធិការដ្ឋាននគរបាលក្រុងសំពៅពូន ដើម្បីទទួលស្គាល់កំហុស និងទទួលយកគ្រប់ចំណាត់ការបស់អាជ្ញាធរមានសមត្ថកិច្ច ។
ជាចំណាត់ការ
ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំពៅពូន ដឹកនាំដោយលោក អុល ចាន់ណូ អភិបាលរង តំណាងលោក អេង សុវិចិត្រ អភិបាល នៃគណៈអភិបាលក្រុងសំពៅពូន សមាសភាពចូលរួមមាន៖
១-លោកវរសេនីយ៍ឯក ឈុន ជឺឈួន អធិការនគរបាលក្រុងសំពៅពូន
២-លោកវរសេនីយ៍ទោ ជៀម ធី មេបញ្ជាការរងវរៈសេនាតូចនគរបាលការពារព្រំដែនលេខ ៦០៥
៣-លោកវរសេនីយ៍ត្រី ទូច សុងគី នាយផ្នែកសណ្តាប់ធ្នាប់សាធារណៈ
៤-លោកអនុសេនីយ៍ឯក ចំណាន ម៉េងឃៀង មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារអន្តជាតិជ្រៃធំ
-បានដំណើរការធ្វើកំណត់ហេតុស្តាប់ចម្លើយ និងកិច្ចសន្យាអប់រំណែនាំលើអ្នកបើកបរឈ្មោះ វ៉ាន់ កក្កដា និងម្ចាស់រថយន្តឈ្មោះ គឹម ហាក់ គឺពិតជាបានប្រព្រឹត្តល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដូចជា៖ ផ្ទុកទំនិញសំពីងសំពោង កែច្នៃដំឡើងខុសបទដ្ឋានបច្ចេកទេស និងមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ។
ក្រោយពីបានទទួលការអប់រំណែនាំអំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោករួចមក អ្នកបើកបរ និងម្ចាស់រថយន្តបានទទួលយក និងអនុវត្តចំណាត់ការនៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ចដូចខាងក្រោម៖
១-កិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់អំពើល្មើសច្បាប់ចាប់ពីថ្ងៃនេះតទៅ ។
២-បង់ប្រាក់ពិន័យអន្តរការណ៍ តាមច្បាប់កំណត់ល្មើសចំនួន ០៣ចំណុច (ល្មើសផ្ទុកទំនិញសំពីងសំពោង ល្មើសកែច្នៃដំឡើងខុសបទដ្ឋានបច្ចេកទេស ល្មើសមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស) សរុបទឹកប្រាក់ចំនួន ៦៣០,០០០ (ប្រាំមួយសែនបីម៉ឺន) រៀល ។
៣-កែប្រែរថយន្តទៅជាសភាពដើមវិញ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស (កាត់ដែកតកន្ទុយក្រោយ និងដែកលើដំបូល) ។
៤-ថតឃ្លីបវីដេអូបង្ហោះផ្សព្វផ្សាយ សុំទោសជាសធារណៈនូវអំពើល្មើសរបស់ខ្លួន និងជួយណែនាំដល់អ្នបបើកបររថយន្តដទៃទៀត កុំឱ្យប្រព្រឹត្តអំពើល្មើសច្បាប់ ។
អាស្រ័យហេតុនេះ សូមសាធារណជនដែលនិយមប្រើប្រាស់បណ្តាញសង្គមជ្រាប!
ដោយ៖តារា