ខេត្តកំពង់ស្ពឺ៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌរយៈពេល២ថ្ងៃគឺថ្ងៃទី១និងទី២ ខែតុលា ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺមានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាង២០ម៉ឺននាក់បានមកលេងកម្សាន្តនៅតាមទីរមណីយដ្ឋានទេសចរណ៍ និងជាង១៦ម៉ឺននាក់ផ្សេងទៀតបានទៅគោរពបូជានិងរីករាយធ្វើបុណ្យនៅតាមទីអារាមនានា។
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះថា ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ តាមវត្តអារាមនានានិងស្នាក់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺគឺមានកំណើនគួរឱ្យកត់សម្គាល់ជាងបណ្តាឆ្នាំមុនៗ ដែលគិតត្រឹមតែរយ:ពេល២ថ្ងៃនៃថ្ងៃបុណ្យភ្ជំបិណ្ឌថ្ងៃទី១និង២ ខែតុលា ឆ្នាំ២០២៤ ភ្ញៀវទេសចរសរុបមានចំនួនរហូតដល់ទៅ២១៤,៦១៥នាក់ក្នុងនោះភ្ញៀវទេសចរ ដើរកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍និងស្នាក់នៅ ចំនួន:៤៦,៦១៥នាក់បើធៀបរយ:ពេលដូចគ្នាទៅនឹងឆ្នាំ២០២៣មានត្រឹមតែ៤០,៨២៣នាក់ កើនឡើង ១៤%។ ភ្ញៀវជាតិ៤៦,៣៥៥នាក់ ធៀបនឹងឆ្នាំ២០២៣មានចំនួនត្រឹមតែ៤០,៦០៤នាក់កើនឡើង
១៤%។ ចំណែកឯភ្ញៀវអន្តរជាតិមានចំនួន២៦០នាក់ធៀបនឹងឆ្នាំ២០២៣មានចំនួន ២១៩នាក់ កើនឡើង ១៩%។
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានបញ្ជាក់ទៀតថា ជាមួយនឹងកំណើននៃភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅតាមទីរមណីយដ្ឋាន សហគមន៍ទេសចរណ៍យ៉ាងច្រើននេះដែរ ភ្ញៀវទេសចរនិងពុទ្ធបរិស័ទដែលបានចូលរួមកាន់បិណ្ឌតាមបណ្ដាវត្តអារាមនានាទូទាំងខេត្តក៏មានចំនួនច្រើនគួរឱ្យកត់សម្គាល់ផងដែរ ដែលគិតត្រឹមតែរយ:ពេល២ថ្ងៃគឺថ្ងៃទី១និងទី២ ខែតុលា ឆ្នាំ២០២៤មានចំនួនរហូតដល់ទៅ១៦៨,០០០នាក់។
សូមបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺមានរមណីយដ្ឋាននិងតំបន់ទេសចរណ៍ក្នុងខេត្តសរុបចំនួន២៧ទីតាំង ក្នុងនោះទីតាំងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមានចំនួន ៤កន្លែង ទីតាំងរមណីយដ្ឋានធម្មជាតិ កែច្នៃមានចំនួន៧កន្លែង សហគមន៍ទេសចរណ៍ ៨កន្លែង កសិ-ទេសចរណ៍មានចំនួន៣កន្លែង និងតំបន់គោលដៅទេសចរណ៍ថ្មីៗមានចំនួន៥កន្លែង ហើយទីតាំងទេសចរណ៍ទាំង២៧កន្លែងនេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលចិត្តនិងនិយមទៅលេងកម្សាន្តខ្លាំងគឺរមណីយដ្ឋានធម្មជាតិកែច្នៃ សហគមន៍ទេសចរណ៍និងកសិ- ទេសចរណ៍ម៉ុងឫទ្ធីសែនជ័យ៕