ភ្នំពេញ ៖ អតីតអ្នកនិពន្ធអត្ថបទ ចងក្រងសៀវភៅ ពហុជំនាញ ទាំងប្រវត្តិសាស្ត្រជាតិ អន្តរជាតិ ហែលឆ្លងជាអ្នកសារព័ត៌មានអាជីព ពោរពេញដោយ វិជ្ជាជីវៈ ឆន្ទះជាតិនិយម ចិត្តទូលាយចែករំលែកបទពិសោធន៍ គឺ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានចំណាយពេលវិភាគពី «ជម្លោះរវាង អឺរ៉ង់ & អ៊ីស្រាអែល» ដោយលោកលើពីកត្តា ៤យ៉ាង ពីទិដ្ឋភាពនយោបាយជាក់ស្តែង ។
លោកសំណេរថា ៖ សរុបព្រឹត្តិការណ៍ជម្លោះរវាង អឺរ៉ង់ & អ៊ីស្រាអែល
នៅម៉ោង១២យប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ អឺរ៉ង់ បានបាញ់មីស៊ីលបាលីស្ទីច ប្រមាណ២០០គ្រាប់ សំដៅទីតាំងសន្តិសុខសំខាន់ៗរបស់ អ៊ីស្រាអែល។ របាយការណ៍បានបង្ហាញថា មីស៊ីលជិត៥០គ្រាប់របស់ អឺរ៉ង់ បានបាញ់ចូល អ៊ីស្រាអែល ក្រៅពីនោះត្រូវបានបាញ់ស្កាត់ដោយអ៊ីស្រាអែល និងការជួយបាញ់ទប់ស្កាត់ពីសហរដ្ឋអាមេរិក។ ចំនួនអ្នកស្លាប់និងរបួសមិនច្រើនទេ។ អឺរ៉ង់ បាញ់សងសឹក ដោយសារតែ អ៊ីស្រាអែល សម្លាប់មេដឹកនាំហេប៊ូឡា (Hezbollah)។ រហូតមកដល់ម៉ោងនេះ អ៊ីស្រាអែល ក៏មិនទាន់សងសឹក អឺរ៉ង់ វិញនៅឡើយទេ។ តើមូលហេតុអ្វីខ្លះ?
១. ប្រធានាធិបតីសហរដ្ឋអាមេរិក បានកោះប្រជុំប្រទេស G7 ហើយមេដឹកនាំ G7 និយាយថា អ៊ីស្រាអែល មានសិទ្ធិក្នុងការឆ្លើយតបទៅកាន់ អឺរ៉ង់ តែគួរឆ្លើយតបក្នុងកម្រិតសមតុល្យ [កុំឱ្យធ្ងន់ដៃ] (respond in proportion)។ លោក ចូ បៃដិន ក៏បានប្រាប់ អ៊ីស្រាអែល កុំឱ្យវៃចំគោលដៅនុយក្លែអ៊ែររបស់ អឺរ៉ង់ ឱ្យសោះ។ ហេតុអ្វីនឹងឆ្លើយនៅផ្នែកវាយតម្លៃ
២. របាយការណ៍បង្ហាញថា បារាំង និង អង់គ្លេស មិនចូលរួមជាមួយ អ៊ីស្រាអែល ទេ។
៣. រុស្ស៊ី ប្រកាសគាំទ្រ អឺរ៉ង់
៤. ចិន ត្រៀមទ័ព ដើម្បីគាំទ្រ អឺរ៉ង់។
*** ការវាយតម្លៃបឋម
– ប្រហែលដោយសារចំណុចទី១ និងទី២ ធ្វើឱ្យ អ៊ីស្រាអែល នៅទ្រាំឈឺចិត្ត មិនទាន់ហ៊ានតបត។
– គេបានវាយតម្លៃថា មេដឹកនាំ អ៊ីស្រាអែល ចង់តែឱ្យអាមេរិក និង NATO លូកចូលក្នុងសង្គ្រាម ដើម្បីកម្ទេច អឺរ៉ង់។ តែ សហរដ្ឋអាមេរិក ដូចជាមិនចង់ និងមិនព្រមតាមទេ។ នេះជាបញ្ហាគន្លឹះដែល អ៊ីស្រាអែល មិនហ៊ានទៅតែឯង។
– អ្នកវិភាគលើកឡើងថា ៧៥% គឺអ៊ីស្រាអែល នឹងមិនតបតទេ។
– ការវិភាគក៏លើកឡើងថា ប្រសិនបើ អ៊ីស្រាអែល ទប់កំហឹងមិនជាប់ ហើយវាយបកទៅ អឺរ៉ង់ នោះ អឺរ៉ង់ នឹងបាញ់កម្ទេចអ៊ីស្រាអែល និងបាញ់កម្ទេចធុងប្រេងទាំងអស់ ដែលនាំឱ្យ ប្រទេសអ៊ីស្រាអែលក៏ខ្ទេច សេដ្ឋកិច្ចពិភពលោកក៏នឹងក្រឡាប់ចាក់។
• ខ្លះបាននិយាយថា សង្គ្រាមលោកលើកទី៣ បានចាប់ផ្តើមហើយ គ្រាន់តែគ្មានអ្នកប្រកាស។
• ពិភពលោកយើងសព្វថ្ងៃ មានភ្នំភ្លើង៥កន្លែង ដែលកន្លែងខ្លះបានកំពុងផ្ទុះ គឺនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា។ កន្លែងខ្លះទៀតកំពុងក្តៅហុយៗ ដែលនឹងផ្ទុះជាបន្តបន្ទាប់ ជៀសមិនផុត។
«សូមថែរក្សាសន្តិភាពក្នុងដៃអ្នក peace 🕊️» ៕
ដោយ ៖ សិលា