ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តាមក្នុងកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូន លោក លោកស្រី ម្ចាស់ដេប៉ូខ្សាច់ ថ្ម ម្ចាស់អាជីវករខ្សាច់ ថ្ម ម្ចាស់រណ្តៅដី ម្ចាស់រថយន្តដឹកជញ្ជូនខ្សាច់ រថយន្តដឹកថ្ម និងម្ចាស់រថយន្តដឹកអាចម៌ដី គ្រប់ប្រភេទ ជ្រាបថា បច្ចុប្បន្នឃើញមានការទុកដាក់ខ្សាច់ ថ្ម និងការដឹក ជញ្ជូននៅមានភាពមិនប្រក្រតីជាច្រើនខុសពីការណែនាំកន្លងមក ដូចនេះ ស្នើឱ្យលោក លោកស្រី ម្ចាស់ដេប៉ូ ខ្សាច់ ថ្ម ម្ចាស់អាជីវករខ្សាច់ ថ្ម ម្ចាស់រណ្តៅដី ម្ចាស់រថយន្តដឹកជញ្ជូនខ្សាច់ រថយន្តដឹកថ្ម និងម្ចាស់រថយន្តដឹក អាចម៌ដីគ្រប់ប្រភេទ ពង្រឹង និងអនុវត្តលើការទុកដាក់ និងការដឹកជញ្ជូនឡើងវិញ ដើម្បីរក្សាសុវត្ថិភាព សម្រាប់អ្នកធ្វើដំណើរលើផ្លូវថ្នល់។
រដ្ឋបាលខេត្តកណ្តាល សូមធ្វើការណែនាំ លោក លោកស្រីទាំងអស់ រួមសហការ និងអនុវត្តដូចតទៅ៖ ១.កម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវត្រួតពិនិត្យរថយន្តដែលមានដឹកខ្សាច់ ថ្ម និងអាចម៌ដី អនុវត្តឱ្យបានត្រឹមត្រូវតាមការកំណត់។
២.ម្ចាស់ដេប៉ូ ឬម្ចាស់អាជីវកម្ម ត្រូវរៀបចំកន្លែងសម្រាប់លាងកង់រថយន្តពេលចេញពីទីតាំងដឹក និងពិនិត្យមើលរថយន្តរបស់ខ្លួន ដោយមិនមានការដឹកលើសទម្ងន់ និងមានការគ្របតង់ឱ្យបានត្រឹមត្រូវ និង លាងសំអាតកង់រថយន្តទាំងអស់ឱ្យបានស្អាតមុនពេលចេញពីទីតាំងស្តុកខ្សាច់ ថ្ម និងអាចម៌ដី។
អាស្រ័យហេតុនេះ សូមលោក លោកស្រី ម្ចាស់ដេប៉ូខ្សាច់ ថ្ម ម្ចាស់អាជីវករខ្សាច់ ថ្ម ម្ចាស់រណ្តៅដី ម្ចាស់រថយន្តដឹកជញ្ជូនខ្សាច់ រថយន្តដឹកថ្ម និងម្ចាស់រថយន្តដឹកអាចម៌ដី គ្រប់ប្រភេទជ្រាប និងចូលរួមសហការ អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕ ដោយ៖តារា