ជិះម៉ូតូបុកដើមស្វាយស្លាប់ម្នាក់របួសធ្ងន់២នាក់ ឃាត់ខ្លួន១នាក់ ករណីក្មេងទំនើងដេញកាប់គ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មានរាយការណ៍នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នេះថា យ៉ាងហោចក្មេងទំនើងម្នាក់បានស្លាប់ភ្លាមៗ និងអ្នករួមដំណើរចំនួន០២នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះម៉ូតូឌុបគ្នាជ្រុលខុសផ្លូវទៅបុកដើមស្វាយ ក្នុងករណីខាងលើសនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រោះពុំមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ទេ គឺ ជាករណីហិង្សាដោយចេតនា រវាងក្មេងទំនើងចំនួន០២ក្រុមដេញកាប់គ្នា នៅលើដងផ្លូវកៅស៊ូ១ខ្សែតាមបណ្ដោយមាត់ស្ទឹងពោធិ៍សាត់ កាលពីរំលងអធ្រាត្រ ថ្ងៃទី៥ កន្លងទៅថ្មីៗនេះ ត្រង់ចំណុចផ្លូវកោងខ្លាំង ស្ថិតនៅភូមិកញ្ជើបាចដាច ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានបង្ហើបឲ្យដឹងទៀតថា ក្មេងទំនើងរងគ្រោះ(ស្លាប់)ជាម្ចាស់ម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I 3958 និងជាអ្នកបើកបរ ឈ្មោះ សៀប ផាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិដងអូរ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និងជាអ្នករួមដំណើររបស់(ធ្ងន់)ទី-១ ឈ្មោះ នី រ៉ាត់ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់(បែកក្បាល)និងទី-២ ឈ្មោះ ហ៊ន ទី ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់(បាក់ដៃឆ្វេង)។

ប្រភពព័ត៌មានដដែលបង្ហើបបន្តទៀតថា ក្នុងករណីនេះសមត្ថកិច្ចស្រាវជ្រាវឈានដល់ឃាត់ខ្លួនបានម្នាក់ ដើម្បីយកមកសួរនាំតាមនីតិវិធី ។ ប្រភពបញ្ជាក់បន្ថែមថា ករណីជិះម៉ូតួឌុបគ្នាចំនួន០៣នាក់ បើកខុសផ្លូវជ្រុលបុកដើមស្វាយបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ចំនួន០២នាក់ទៀតខាងលើ ជាករណីហិង្សាដោយចេតនា រវាងក្មេងទំនើងចំនួន០២ក្រុម សមត្ថកិច្ចកំពុងមមាញឹកបន្តនីតិវិធីនៅឡើយ ៕

...

ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print