ខេត្តរតនគិរី៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)
ឆ្នាំសិក្សា២០២៤បានចាប់ផ្តើមដំណើរការហើយនៅព្រឹកថ្ងៃអង្គារទី៨ ខែតុលា ឆ្នាំ២០២៤នេះនៅទូទាំងប្រទេសកម្ពុជា។
សម្រាប់ខេត្តរតនគិរីវិញក៏បានដំណើរការប្រឡងប្រព្រឹត្តិទៅប្រកបដោយភាពរលូន។
លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានឱ្យដឹងថាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរីសម័យប្រឡងថ្ងៃទី៨-៩ឆ្នាំ២០២៤ មានបេក្ខជនចូលរួមប្រឡង សរុបមាន ១.៧២២នាក់ ស្រី ៨៧៥ នាក់
ក្នុងនោះជនជាតិដើមភាគតិច ៤៧.២១% មាន០៣ មណ្ឌលប្រឡងរួមមាន៖
១. មណ្ឌលប្រឡងអនុវិទ្យាល័យប៊ូថង ទេសអន្លុង ថ្នាក់វិទ្យាសាស្ត្រ ចំនួន១០បន្ទប់ មានបេក្ខជនសរុប ២៣០នាក់ ស្រី១៤០នាក់។
២. មណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន៣២បន្ទប់ មានបេក្ខជន សរុប៨០០នាក់ ស្រី៤០៤នាក់។
៣. មណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែន ភូមិថ្មី ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន២៨បន្ទប់ មានបេក្ខជនសរុប ៦៩២នាក់ ស្រី៣៣១នាក់។
លោកប្រធានមន្ទីរបន្តថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះមិនខុសគ្នានឹង
ឆ្នាំមុនៗដែរ បេក្ខជន បេក្ខនារីទាំងអស់បានចូលក្នុងបន្ទប់ប្រឡងរៀងៗខ្លួន នៅតាមមណ្ឌលប្រឡងដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈកម្មការអនុរក្ស
និងក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុក
រលួយ មុននឹងឱ្យចូលក្នុងបន្ទប់ប្រឡងសំដៅធានាថាបេក្ខជនបេក្ខនារីទាំងអស់មិនមានឱកាសបានយកសំណៅឯកសារ ព្រីយ៉ុង ឬម៉ាស៊ីនគិតលេខ ទូរស័ព្ទ ចូលក្នុងបន្ទប់ប្រឡងបានដាច់ខាត។
ដោយឡែក
នៅក្រៅបរិវេណមណ្ឌលប្រឡងគេឃើញមាន
ក្រុមស.ស.យ.ក. ខេត្តបានជួយរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតថ្លៃ និងមានកងកម្លាំងនគរបាល អាវុធ
ហត្ថ ក្រុមគ្រូពេទ្យ ក៏មានវត្តមាន នៅមណ្ឌលប្រឡងទាំង៣នោះថែមទៀតផង។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាល
ខេត្តរតនគិរី ដែលបានអញ្ជើញចូលរួមបើកកញ្ចប់វិញ្ញាសាប្រឡងនៅព្រឹកថ្ងៃអង្គារទី៨នេះ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ បានលើក
ទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់ពីលទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។
ឯកឧត្តម បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។
ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ មានន័យថា អ្នកចេះ គឺជាប់៕