ក្រុមអាជីវករភាគច្រើននិយាយថា លោក ជា គួង ជាប្រធានក្រុមហ៊ុន គឹម ជ្រា នៅតែសប្បាយចិត្តរីកថ្លើម និងដើរយកភាស៊ីពីអាជីវករផ្សារបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ លោក ជា គួង ដែលគេស្គាល់ថា ជាប្រធានក្រុមហ៊ុន គឹម ជ្រា នៅតែបន្តអនុវត្តបំពានលើ ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តរតនគិរីស្តីពីការបញ្ឈប់លើការយកភាស៊ីអានាម័យ ក្រៅផ្សារ និងក្នុងផ្សារក្រុងបានលុងពីក្រុមអាជីវករ កាលពីអំឡុង ខែ កញ្ញា ខែ មីនាឆ្នាំ ២០១៦ ចំនួនពីរលើកមកហើយ ពិសេសការប្រមូលភាស៊ី បរិវេណផ្សារបានលុង នៅលើ ទីតាំងដីទំហំ ៥៤មx១១០ម ។

ប៉ុន្តែ លោក ជា គួង ជាប្រធានក្រុមហ៊ុន គឹម ជ្រា នៅតែសប្បាយចិត្តរីកថ្លើម ដើរយកភាស៊ីដដែល ទង្វើនេះត្រូវបានគេមើលឃើញថា ជាការប្រមាថដល់ប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា និងរំលោភ បំពានទៅលើក្រុមហ៊ុន ហេង ដារ៉ា ដែលជា ក្រុមហ៊ុនវិនិយោគ ផ្សារក្រុងបានលុងយ៉ាងធ្ងន់ធ្ងរ ដោយពុំទាន់ឃើញមានគ្រូបាអាចារ្យណា ប្រណៅ លោក ជា គួង បានឡើយ។

ក្រុមអាជីវករផ្សារភាគច្រើនបានលើកឡើងថា កន្លងមកគំនរសំរាមជាច្រើនគំនរដូចភ្នំ បានជះក្លិនអាសោចពេញផ្សារបានលុង ស្ទើរតែមិនហ៊ានចូលផ្សារទៅហើយ បែរជាក្រុមហ៊ុនដឹកជញ្ជូនធ្វើមិនដឹងមិនឮ ដើរទារតែលុយពីអាជីវករ។ ទង្វើគ្មានទំនួលខុសត្រូវ របស់ក្រុមហ៊ុនដឹកជញ្ជូន សំរាម របស់លោក ជា គួង បាននាំឲ្យអាជីវករខឹងសម្បាយ៉ាងខ្លាំងរហូតធ្វើលិខិតប្តឹងទៅមន្ទីរបរិស្ថានខេត្តរតនគិរីស្វែងរកកិច្ចអន្តរាគមន៍ឲ្យជួយយកសំរាមចេញពីមុខផ្សារទៀតផង។

ទាក់ទិននិង លោកជា គួង ដើរយកលុយអនាម័យពីអាជីវករនេះ លោក ជាម សុផាត ប្រធានផ្សារបានលុង បានប្រាប់ ឲ្យដឹងផងដែរថា លោក បានបង់ ថ្លៃដឹកសំរាមជូនក្រុមហ៊ុនចំនួន ៣លានរៀលជារៀងរាល់ខែ។ លោកបន្តថា អ្នកម៉ៅការសំរាមនៅតែបន្តយកលុយពីអាជីវករទៀតនោះគឺជាការបំពានលើ ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តរតនគិរី ស្តីពីការបញ្ឈប់លើការយកភាស៊ីអានាម័យ ក្រៅផ្សារ និងក្នុងផ្សារក្រុងបានលុង ពិសេសការប្រមូលភាស៊ី បរិវេណផ្សារបានលុង នៅលើ ទីតាំងដីទំហំ ៥៤មx១១០ម ។

ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកយកព័ត៌មានយើងមិនអាចសុំការបកស្រាយពី លោក ជា គួង ប្រធានក្រុមហ៊ុន គឹម ជ្រា អ្នកម៉ៅការសំរាមបានទេ ដោយមិនស្គាល់លេខទូរសព្ទ័ លោក ជា គួង ។

សូមរំលឹកថា កន្លងមកទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីខែកញ្ញា ឆ្នាំ២០១៥ បានសម្រេចផ្តល់កន្លែងផ្ញើយានយន្ត មានកង់ ម៉ូតូ និងរថយន្ត ទៅឲ្យក្រុមហ៊ុន ហេង ដារា និងសិទ្ធិប្រមូលភាស៊ីស្របតាមកិច្ចសន្យាវិនិយោគផ្សារ ដែលក្រុមហ៊ុនបានអនុវត្តតាំងពីឆ្នាំ២០០៨ លុបកិច្ចសន្យាវិនិយោគដីមុខផ្សាររវាងរដ្ឋបាលក្រុងបានលុង ជាមួយឈ្មោះ ជា គួង ពីព្រោះកិច្ចសន្យានេះគ្មានគោលការណ៍សម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រក្សាដីទំហំជិត ៦ម៉ឺនម៉ែត្រការ៉េសម្រាប់បម្រើប្រយោជន៍សាធារណៈ បង្កើតគណៈកម្មការរៀបចំក្រៅបរិវេណផ្សារឲ្យមានរបៀបរៀបរយ ដោយពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគផ្សារ និងអាជីវករលក់ដូរដោយសន្តិវិធី និងបង្កើតគណៈកម្មការប្រគល់ទទួលទីតាំងផ្សារបានលុង ទៅឲ្យក្រុមហ៊ុន ហេង ដារា គ្រប់គ្រងច្បាស់លាស់៕

IMG_20160808_122040 IMG_20160808_122044 IMG_20160808_122054 IMG_20160808_122102 IMG_20160808_122106

ដោយ៖ វុទ្ធឦសាន្ត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print