ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នេះថា បើទោះបីជាមានភ្លៀងធ្លាក់ទាំងព្រឹកព្រលឹមក៏ដោយ ក៏ដំណើរការប្រឡងបាក់ឌុបនៅព្រឹកថ្ងៃទី១នេះ ប្រព្រឹត្តិទៅដោយរលូនមិនមានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។
ការថ្លែងបែបនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្តិ នៅព្រឹកថ្ងៃទី៨តុលានេះ។
លោក ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា ទោះបីជានៅព្រឹកថ្ងៃប្រឡងទី១ មានភ្លៀងធ្លាក់ក៏ដោយ ក៏មិនរំខានដល់ដំណើរការប្រឡងនោះទេ ដោយសារមណ្ឌលប្រឡងដែលបានលិចទឹកត្រូវបានអាជ្ញាធររាជធានីខេត្តនានាបានរួមគ្នាជួយអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអះអាងទៀតថា ដំណើរការប្រឡងបាក់ឌុបឆ្នាំ២០២៤ ត្រូវប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះជាប់»។
គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងអប់រំបានរៀបចំប្រឡងសញ្ញាបត្របាក់ឌុបរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និងថ្ងៃទី០៩តុលា ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១៣៧០៤០នាក់ ស្រី៧៤៨៨២នាក់ ចែកជា២៣០មណ្ឌល ត្រូវជា៥៥៣៤បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន៣៩៣៥៨នាក់ ស្រី២៣៧១៥នាក់ មាន៧៣មណ្ឌល ត្រូវជា១៦០៣បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៧៦៨២នាក់ ស្រី៥១១៦៧នាក់ មាន១៥៧មណ្ឌល ត្រូវជា៣៩៣១បន្ទប់។
ក្រសួងអប់រំគ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀលសម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕
ដោយ ៖ សិលា