ប្រជាពលរដ្ឋនៅខណ្ឌបឹងកេងកង ស្នើឱ្យអាជ្ញាធរ ជួយដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ សុំប្តូរបង្គោលភ្លើងថ្មី និងសុំកាប់ដើមឈើពុកផុយ តាមផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌបឹងកេងកង ក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានី តំណាង ឯកឧត្ដមកើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញ ដែលវេទិការនេះធ្វើនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។ ប្រជា ពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរ ជួយដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ សុំប្តូរបង្គោលភ្លើងថ្មី និងសុំកាប់ដើមឈើពុកផុយ ដែលនាំឱ្យបង្កគ្រួសថ្នាក់ ដល់បងប្អូនប្រជាពលរដ្ឋ តាមផ្លូវសាធារណៈ ។

ឯកឧត្ដម សុខ ពេញវុធ បានលើកឡើងថា៖ រាល់សំណើនិងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ លោកក៏បានស្នើឱ្យមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែង រួចសុំគោលការមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយជូនពួកគាត់។
ឯកឧត្ដម សុខ ពេញវុធ បានបញ្ជាក់ថា៖ ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញនឹងយកមកដោះស្រាយពេលក្រោយ ពោលគឺ អ្វីជាអត្ថិភាព ចាំបាច់ បន្ទាន់ៗយើងនឹងដោះស្រាយមុនគេ ហើយអ្វីដែលនៅសេសសល់យើងនឹងដាក់ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់។
ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងខែធ្នូ ហើយសំរាប់ខណ្ឌនីមួយៗត្រូវធ្វើឡើងនៅមិថុនារាល់ឆ្នាំ។ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានដឹងលឺ និងរកយន្តការដោះស្រាយជូន។ សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនារបស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print