ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀនក្រោមរូបភាពដឹកទឹកកកដុំដើរលក់តាមភូមិត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនបាន កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។
ក្នុងប្រតិបត្ដិការបង្រ្កាបឃាត់ខ្លួនជនល្មើសខាងលើនេះ សមត្ថកិច្ចបានធ្វើការរឹបអូសវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១កញ្ចប់ធំ, ទូរស័ព្ទដៃ៣គ្រឿង និងរថយន្ដ១គ្រឿងម៉ាកទីតាន់ ពណ៌ខៀវ ចំណុះ១,៥តោន ពាក់ស្លាកលេខ ឆ.១៥២៦-ភព២ ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ហ៊ី ទូច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់ទឹកកក មានទីលំនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ទី២-ឈ្មោះ ឈុន នាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករលើកទឹកកក មានស្រុកកំណើតនៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្ដកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិឃ្លាំងសាំង សង្កាត់/ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពដដែលបន្ដថា ជនល្មើសទាំង២នាក់នេះជាមុខសញ្ញាប្រើប្រាស់និងជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចកំណត់និងតាមដាននាពេលកន្លងមក ។ លុះដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចទទួលបានព័ត៌មានថា ជនសង្ស័យទាំង២នាក់បើករថយន្ដដឹកទឹកកកដើរលក់ ដោយមានលាក់ទុកគ្រឿងញៀននៅជាប់ក្នុងរថយន្ដដើម្បីជួញដូរទៅឲ្យអ្នកប្រើប្រាស់ ។
បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅបង្ក្រាបឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនដែលក្រុមជនសង្ស័យបានលាក់ទុកក្នុងបាំងថ្ងៃ នៃកាប៊ីនរថយន្ដ រួចឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីវិធីច្បាប់ ។
ជនសង្ស័យឈ្មោះ ហ៊ី ទូច បានសារភាពថា ថ្នាំញៀនខាងលើនេះរូបគេបានទិញពីមេក្លោងជួញដូរគ្រឿងនៅម្ដុំផ្លូវរថភ្លើងស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងគោលបំណងយកមកចែកចាយនៅក្នុងភូមិសាស្រ្ដស្រុកខ្សាច់កណ្ដាល ៕
ដោយ៖ ស្អាងជ័យ