ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅកាន់ស្រុកបូរីជលសារ សូមមេត្តាធ្វើដំណើរតាមផ្លូវទឹកជាបណ្ដោះអាសន្នសិន។ មូលហេតុ ស្ពាន មួយកន្លែងស្ថិតនៅក្នុងភូមិកំពុងអំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានកាត់ផ្ដាច់ដោយសារការហូរច្រោះ។
ដូច្នេះសូមបងប្អូនដែលត្រូវធ្វើដំណើរតាមមធ្យោបាយ រថយន្ត ម៉ូតូ សូមមេត្តាប្រើប្រាស់មធ្យោបាយផ្លូវទឹកវិញ សិន។ សូមអរគុណ!
គួររម្លឹកថា កាលពីពេលថ្មីៗនេះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវ ដែលទឹកហូរច្រោះបណ្ដាលឲ្យដាច់ផ្នែកខ្លះនៃត្រចៀកស្ពាន ស្ថិតនៅក្នុងភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។
រដ្ឋបាលខេត្តតាកែវ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅកាន់ស្រុកបូរីជលសារ ដោយប្រើប្រាស់មធ្យោបាយ ( រថយន្តធំៗ ) សូមមេត្តាផ្អាកជាបណ្ដោះអាសន្នសិន ជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕
ដោយ៖តារា