ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ បានបង្ហាញមុនជនសង្ស័យចំនួន ០៤នាក់ ក្នុងនោះស្រីម្នាក់ ជាសាធារណៈមុននិងបញ្ជូនខ្លួនទៅតុលាការខេត្ត ដេីម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីរក្សារទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ប្រភពដដែលបន្តថា លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ បានចុះល្បាតក្នុងភូមិសាស្ត្រនៅចំណុចផ្លូវកៅស៊ូមុខហាងសុភមង្គល ស្ថិតនៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
ជនសង្ស័យឈ្មោះ៖
១.ឈ្មោះ យស់ វង្សរតនា ហៅ ជ្រុយ ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ កម្មករ រស់នៅពោធិ៍ដំណាក់ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
២.ឈ្មោះ ចាប វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្ទះព្រៃ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
៣.ឈ្មោះ ជា សុភ័ក្រ្ដ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង។
៤.ឈ្មោះ កែវ ដែន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ ធ្វេីការរត់តុ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់។
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន:
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់ (សាច់ថ្នាំសុទ្ធ ៣.០៣ ក្រាម)
២-ទូរស័ព្ទចំនួន ០៣គ្រឿង
៣-ម៉ូតូ ០១គ្រឿង
៤-ឧបករណ៍ជក់ចំនួន ០២កំប្លេ
៥-ដែកកេះចំនួន ០៣
៦-ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន
លទ្ធផលធ្វើតេស្តទឹកនោមស្វែងរកសារធាតុមាន អ្នកទាំងបួន វិជ្ជមាន( + )។
បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុង ពោធិ៍សាត់ ដើម្បីចាត់ការនីតិវិធី៕ដោយ៖ អរុណរះ