កម្ពុជា និងឡាវ នឹងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជា និងឡាវ នឹងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ។ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និង លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៤ បានជួបពិភាក្សាទ្វេភាគី នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ដែលក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីទាំងពីរ បានសម្តែងការពេញចិត្តចំពោះចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិតទៅជាភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង នៅឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ និងការ ប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរបន្ថែម ទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកនានា។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានបង្ហាញពីបំណង រៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នាពេលឆាប់ៗខាងមុខនេះ។

ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយ បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដើម្បីសម្រេចបាននូវសក្តានុពលពេញលេញ ជាពិសេស តាមរយៈ ការរៀបចំឡើងវិញនូវកិច្ចប្រជុំគណៈកម្មាធិការចម្រុះពាណិជ្ជកម្ម និងបានឯកភាពពង្រឹងការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីសម្រួលដល់ការនាំចេញផលិតផលដែលមានសក្តានុពល និង ជំរុញរំហូរទេសចររវាងប្រទេសទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការថាមពល ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារសំខាន់នៃសន្តិសុខ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ព្រមទាំងរិះរកមធ្យោបាយពង្រីកការផ្គត់ផ្គង់ថាមពលបៃតង រវាងប្រទេសទាំងពីរ និងតំបន់ ដែលអាចចូលរួមចំណែកដល់ការអភិវឌ្ឍបណ្តាញអគ្គិសនីអាស៊ាន។

នាយករដ្ឋមន្ត្រីទាំងពីរ បានលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរឱ្យបន្តកិច្ច សហប្រតិបត្តិការ និងចាត់វិធានការឱ្យបានទាន់ពេលក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បី ធានាបាននូវសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនកម្ពុជា-ឡាវ។

ភាគីទាំងពីរបានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ដើម្បីអាចឈានទៅចុះហត្ថលេខាក្នុងពេលឆាប់ៗ តាមពេលវេលាសមស្រប។

លោកបណ្ឌិត សនសៃ ស៊ីផាន់ដន បានកោតសរសើរខ្ពស់ចំពោះសមិទ្ធផលរបស់កម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ផ្តល់ជូនគណៈប្រតិភូកម្ពុជា និងបានអះអាងសាជាថ្មីម្តងទៀតពីការគាំទ្ររបស់កម្ពុជាចំពោះភាពជា ប្រធានអាស៊ានរបស់ឡាវ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទន្ទឹងរង់ចាំទទួលទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នៅកម្ពុជា នាពេលឆាប់ៗខាងមុខ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print