រថយន្តដឹកកម្មកររោងចក្របើកលឿនគេចគោយន្តកន្ត្រៃបុកចូលតូបលក់អីវ៉ាន់ បណ្តាលឱ្យរបួសធ្ងន់ ស្រាលជិត២០នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្សប្រុសស្រីចំនួន០៣នាក់បានរងរបួសធ្ងន់ធ្ងរ និង១៣នាក់ផ្សេងទៀតបានរងរបួសស្រាល ដោយសារតែតៃកុងរថយន្តដឹកកម្មករ កម្មារិនីរោងចក្រ បើកលឿនគេចគោយន្តកន្ត្រៃជ្រុលទៅបុកចូលតូបលក់អីវ៉ាន់អមផ្លូវជាតិលេខ៤ កាលពីវេលាម៉ោង០៦និង ២០ នាទីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៤ (ផ្លូវចូលវត្តដំណាក់ត្រាច) ស្ថិតនៅក្នុងភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅមុនពេលកើត ហេតុកម្មករ កម្មការិនីរោងចក្របានជិះលើរថយន្តមានចំនួន៤០នាក់(ស្រី២៨នាក់)ក្នុងនោះគ្រោះថ្នាក់សរុបចំនួន១៧នាក់ ប្រុសចំនួន០៥នាក់ ក្នុងនោះរងរបួសធ្ងន់ ចំនួន៣នាក់ រួមមាន តៃកុងរថយន្ត១នាក់ អាជីវករលក់ ដូរ ១នាក់ និងកម្មការិនី ១នាក់ សរុបទាំង៣នាក់មិន ទាន់ស្គាល់អត្តសញ្ញាណទេ (កម្មការិនីរងរបួសបាក់ដៃ) ក្រោយពិនិត្យព្យាបាលនៅគ្លីនិកឯកជនរួច បានសម្រេចចិត្តទៅសម្រាកព្យាបាលនៅភូមិព្រៃច្រេស ជាមួយគ្រូខ្មែរវិញ ។

លោក ចឹក បូរិន បានបន្តថា មូលហេតុដែលបណ្តាលឱ្យគ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្តដឹកកម្មករ កម្មការិនី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខសៀមរាប 3A.1936 មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរនៅ ឡើយទេ។ ហេតុដែលនាំឱ្យក្រឡាប់រថយន្តនេះ ដោយ សារតែតៃកុងរថយន្តបើកបរគេចគោយន្តកន្ត្រៃ(កែច្នៃ) រេចង្កូតបណ្តាលឲ្យក្រឡាប់ នឹងជ្រុលទៅបុកចូលតូបលក់ ដូររបស់ប្រជាពលរដ្ឋដែលនៅអមសងខាងផ្លូវតែម្តង ។

លោកប្រធានមន្ទីរដដែលបានបញ្ជាក់ទៀតថា ចំពោះអ្នករងរបួសជិត២០នាក់ ទាំងធ្ងន់ទាំងស្រាល គឺសម្រាកនៅតាមគ្លីនិកឯកជននៅឡើយ និងសម្រាកនៅ  មន្ទីរ ពេទ្យបង្អែកត្រពាំងក្រឡឹងចំនួន០២នាក់ រងរបួសធ្ងន់ធ្ងរ និងម្នាក់ជាតៃកុងរថយន្តកំពុងសម្រាកព្យាបាល ហើយម្នាក់ទៀតជាអាជីវករលក់ដូរ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ)បន្តទៀត។ គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ ជនរគ្រោះនៅគ្លីនិកឯកជនទាំងអស់បានទៅផ្ទះអស់ហើយ។

ចំពោះវិធានការបន្ត ប.ស.ស.សាខាខេត្តកំពង់ស្ពឺ កំពុងសម្រួបសម្រួលជនរងគ្រោះដែលកំពុងតែព្យាបាលនៅមន្ទីរពេទ្យ និងកំពុងចុះអង្កេតជាក់ស្តែង ដើម្បីផ្តល់អត្ថប្រយោន៍ដល់ជនរងគ្រោះតាមគោលការណ៍ច្បាប់ជាធរមាន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print