ថៃផ្តួចផ្តើមមធ្យោបាយថ្មី ដើម្បីជួយរកច្រកចេញសម្រាប់វិបត្តិរ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែតុលាបានផ្សាយថា ក្រុមមេដឹកនាំនៃបណ្តាប្រទេសអាស៊ាន បានជួបជុំគ្នានៅប្រទេសឡាវ សម្រាប់កិច្ចប្រជុំកំពូល ដែលត្រូវបានរំពឹងថា នឹងរួមមាន ការស្វែងរកមធ្យោបាយដោះស្រាយវិបត្តិសង្រ្គាមស៉ីវិលដ៏រ៉ាំរ៉ៃ នៅមីយ៉ាន់ម៉ា ខណៈដែលថៃបានស្នើឡើងនូវច្រកផ្លូវថ្មីមួយ ដើម្បីឆ្ពោះទៅរកដំណោះស្រាយនយោបាយ បន្ទាប់ពីកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពរបស់អាស៊ានបន្តទទួលបានភាពរីកចម្រើនតិចតួច មកទល់នឹងពេលនេះ។

អំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីថ្ងៃអង្គារ ថៃបានស្នើរៀបចំ «កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ» នៃសមាជិកទាំង១០របស់អាស៊ាន នៅខែធ្នូ ចុងឆ្នាំនេះ ដើម្បីព្យាយាមស្វែងរកច្រកចេញសម្រាប់វិបត្តិមីយ៉ាន់ម៉ា។ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយថា កិច្ចផ្តួចផ្តើមរបស់ថៃ នឹងជួយបំពេញបន្ថែមលើកិច្ចប្រឹងប្រែងស្វែងរកសន្តិភាព ដែលមានស្រាប់របស់អាស៊ាន។
ការផ្តួចផ្តើមសំណើខាងលើពីសំណាក់ប្រទេសថៃ គឺកើតមានឡើងស្របពេលដែលអាស៊ានហាក់មានជម្រើសកាន់តែតិចទៅៗ ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ មកទល់ពេលនេះ គឺសឹងតែគ្មានភាពរីកចម្រើនសោះតែម្តង ជុំវិញផែនការសន្តិភាព ៥ចំណុចរបស់អាស៊ាន ដែលត្រូវបានព្រមព្រៀងតាំងពីខែមេសា ឆ្នាំ២០២១ ពោលគឺត្រឹមប៉ុន្មានខែក្រោយរដ្ឋប្រហារយោធា ដែលជាដើមចមបានបង្កឱ្យមីយ៉ាន់ម៉ាធ្លាក់ទៅក្នុងភាពវឹកវរ។ ចំណែក កិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយ ដែលជំរុញដោយឥណ្ឌូណេស៉ី ដើម្បីបញ្ចុះបញ្ចូលឱ្យមានកិច្ចសន្ទនារវាងរបបសឹកមីយ៉ាន់ម៉ា និងក្រុមប្រឆាំងរដ្ឋប្រហារ ក៏ហាក់មិនទទួលបានលទ្ធផលជាផ្លែផ្កាអ្វីដែរ។
កន្លងមកនេះ ថៃធ្លាប់បានលើកឡើងថា ប្រទេសជិតខាងដទៃទៀតរបស់មីយ៉ាន់ម៉ា ដែលមានឥទ្ធិពលធំ ដូចជាចិន និងឥណ្ឌា ជាដើម ប្រហែលអាចដើរតួនាទីសំខាន់ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាព ប៉ុន្តែផែនការចុងក្រោយខាងលើរបស់ថៃ គឺកំណត់នៅត្រឹមក្នុងអាស៊ានផ្ទាល់ប៉ុណ្ណោះ ដោយមិនមានការពាក់ព័ន្ធជាមួយប្រទេសខាងក្រៅឡើយ។ លោក Nikorndej បាននិយាយថា ការសម្រេចចិត្តណាមួយ ថាតើថ្នាក់ដឹកនាំរបបសឹកមីយ៉ាន់ម៉ា ឬក៏ក្រុមប្រឆាំងរបស់ពួកគេ នឹងត្រូវអញ្ជើញឱ្យចូលរួមក្នុងកិច្ចពិភាក្សាក្រៅផ្លូវការដែរឬយ៉ាងណានោះ គឺនឹងអាស្រ័យទៅលើឡាវ ដែលជាប្រធានប្តូរវេនអាស៊ាន និងសមាជិកអាស៊ានផ្សេងទៀត៕ ដោយធីរីណា

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print