ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមអបអរសាទរ ទិវាសុខភាពភ្នែក ពិភពលោក នាថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់នៃការថែទាំ និងការពារសុខភាពភ្នែក។ ចាប់តាំងពីឆ្នាំ២០០០ អង្គការសុខភាពពិភពលោក សហការជាមួយទីភ្នាក់ងារ អន្តរជាតិសម្រាប់បង្ការភាពពិការភ្នែក បានរៀបចំ ទិវាសុខភាពភ្នែកពិភពលោក នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ទី២ នៃខែតុលារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏តែងតែ បានចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោកជារៀងរាល់ឆ្នាំផងដែរ។
ក្នុងឆ្នាំ២០២៤ នេះ សារអបអរសាទរទិវាសុខភាពភ្នែកពិភពលោកគឺ «ស្រឡាញ់សុខភាព ភ្នែកកូនអ្នក» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីការថែទាំ និងការពារសុខភាពភ្នែកដូចតទៅ៖
-យកចិត្តទុកដាក់ផ្តល់អាទិភាពដល់សុខភាពភ្នែករបស់កុមារ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា
– លើកកម្ពស់ការយល់ដឹង ដោយបញ្ញាបការថែទាំសុខភាពភ្នែក ក្នុងការថែទាំសុខភាពទូទៅរបស់កុមារ
– យើងទាំងអស់គ្នាដឹងហើយថា ការចុះខ្សោយគំហើញចំពោះកុមារដែលមិនបានកែតម្រូវឱ្យបានទាន់ ពេលវេលា អាចនាំឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសិក្សារបស់ពួកគេ។ យោងតាមការសិក្សា ស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក និងទីភ្នាក់អន្តរជាតិសម្រាប់បង្ការភាពពិការភ្នែកកុមារ ដែលបានផ្តល់វ៉ែនតាកែតម្រូវគំហើញ អាចកាត់បន្ថយភាពបរាជ័យក្នុងការសិក្សាបានរហូតដល់ ៤៤%។
ក្រសួងសុខាភិបាល សូមអំពាវនាវ និងណែនាំនូវវិធានការដូចខាងក្រោម៖
១. សូមមាតាបិតា អាណាព្យាបាល និងគ្រូបង្រៀនគ្រប់រូប ត្រូវយកចិត្តទុកដាក់ផ្តល់អាទិភាពដល់សុខភាព ភ្នែកកុមារ នៅក្នុងចំណោមបញ្ហាសុខភាពអាទិភាពសំខាន់ៗ ដទៃទៀត។ ដូច្នេះបញ្ហាគំហើញថយចុះ របស់កុមារ ត្រូវបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា។
២. សូមមាតាបិតា ឬអាណាព្យាបាលគ្រប់រូបប្រញាប់រួសរាន់នាំបុត្រធីតារបស់លោកអ្នក ដែលសង្ស័យ ថាមានបញ្ហាភ្នែក ទៅពិនិត្យព្យាបាលជាមួយគ្រូពេទ្យជំនាញនៅតាមមណ្ឌលថែទាំភ្នែក ឬមន្ទីរពេទ្យ ដែលមានផ្តល់សេវាផ្នែកចក្ខុរោគនៅតាមរាជធានី ខេត្ត ក្រុង ឱ្យបានទាន់ពេលវេលា។
៣.ស្រឡាញ់ភ្នែកកូនលោកអ្នក គឺត្រូវនាំកូនៗរបស់អ្នក ទៅធ្វើតេស្តភ្នែករបស់ពួកគេជាមួយគ្រូពេទ្យ ជំនាញ ដែលបង្ហាញពីការចូលរួមជាមួយមាតាបិតា និងអាណាព្យាបាលជុំវិញពិភពលោក ដែលកំពុង ផ្តល់អាទិភាពដល់សុខភាពភ្នែកកូនរបស់ពួកគេ។
ដើម្បីចូលរួម អបអរសាទរទិវាសុខភាពភ្នែកពិភពលោក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សូមមាតាបិតា អាណាព្យាបាល ក្រុមគ្រួសារ និងសហគមន៍ទាំងអស់គ្នា យកចិត្តទុកដាក់លើបញ្ហាសុខភាពភ្នែករបស់កុមារ និងធានាថាកុមារគ្រប់រូបមានសុខភាពភ្នែកល្អ ដើម្បីអនាគតនិងភាពជោគជ័យកូនៗរបស់លោកអ្នក។
យើងទាំងអស់គ្នាចូលរួមក្នុងការទប់ស្កាត់ និងកាត់បន្ថយភាពពិការភ្នែក និងគំហើញចុះខ្សោយរបស់ កុមារ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យស្ថិតនៅកម្រិតទាបបំផុត។សូមប្រសិទ្ធពរជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អបរិបូណ៌ ជាពិសេសមានសុខភាព ភ្នែកល្អ៕