ទីក្រុងវៀងចន្ទន៍៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀង ចន្ទន៍ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥
ក្នុងកិច្ចប្រជុំពេញអង្គ ប្រមុខដឹកនាំបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុង ការជំរុញវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន និងបានផ្លាស់ប្តូរទស្សនៈស្តីពីទិសដៅអនាគត នៃទំនាក់ទំនងជាមួយដៃគូខាងក្រៅអាស៊ាន។ ប្រមុខដឹកនាំបានថ្លែងកោតសរសើរចំពោះការងារ របស់ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងភាគីពាក់ព័ន្ធនានា ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងទន្ទឹងរង់ ចាំការអនុម័តឯកសារសំខាន់ៗទាំងនេះ នៅពេលដែលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២៥។ ក្នុងន័យនេះ ប្រមុខដឹកនាំបានអនុម័តសេចក្តីប្រកាសរបស់ប្រមុខដឹកនាំអាស៊ាន ស្តីពី ការអភិវឌ្ឍផែនការយុទ្ធសាស្ត្រដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។
ពាក់ព័ន្ធទំនាក់ទំនងជាមួយដៃគូខាងក្រៅអាស៊ាន ប្រមុខដឹកនាំបានអះអាងសាជាថ្មីអំពី សារសំខាន់នៃការលើកកម្ពស់ និងពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ាន នៅក្នុងបរិបទនិម្មាបនកម្ម តំបន់ដែលកំពុងតែវិវត្ត និងទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលមិនច្បាស់លាស់។ ប្រមុខដឹកនាំក៏ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូសននា អាស៊ាន និង ដៃគូខាងក្រៅផ្សេងទៀត លើបញ្ហាដែលជាផលប្រយោជន៍ និងកង្វល់រួម កម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង និងក្រៅតំបន់។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មី អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះអាទិភាពរបស់ឡាវដែលជាប្រធានអាស៊ាន ជាពិសេសការពង្រឹងការតភ្ជាប់ និងភាពធន់ដែល ឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅជាមួយនឹងសេចក្តីប្រាថ្នា និងចក្ខុវិស័យរួមរបស់អាស៊ាន ដើម្បីសម្រេច បាននូវតំបន់អាស៊ីអាគ្នេយ៍មួយ ដែលរឹងមាំ ប្រកបដោយវិបុលភាព និងមានភាពសមាហរណកម្ម។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ចំពោះការប្រឈមមុខនឹងភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់ ដែលកាន់តែខ្លាំងឡើងដោយ បញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី ការឆ្លើយតបរួមរបស់អាស៊ាន ត្រូវតែមានភាពបុរេសកម្ម ការប្រមើលមើលគិតទុកជាមុន និងមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បី ត្រៀមខ្លួនប្រកបដោយភាពធន់ទៅនឹងអនាគត។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា អាស៊ានគួរតែរក្សាការប្តេជ្ញាចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ដែលមានលក្ខណៈសេរី បើកចំហ បរិយាប័ន្ន យុត្តិធម៌ និងតម្លាភាព ទន្ទឹមនឹងនោះក៏បាន អំពាវនាវឱ្យអាស៊ានពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងចំណោមប្រទេសសមាជិក និង ជាមួយដៃគូអាស៊ាន។ ដើម្បីរក្សា អាស៊ានជាកម្លាំងចលករសម្រាប់វិបុលភាពពិភពលោក សម្តេចធិបតី បានគូសបញ្ជាក់ថា អាស៊ានគួរតែប្រើប្រាស់សក្តានុពលដ៏ធំនៃវិស័យដែលកំពុងរីកចម្រើន ដូចជា សេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ ដើម្បីបន្តទទួលបាននូវកំណើនខ្ពស់ប្រកបដោយ និរន្តរភាព។
ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ក៏បានបញ្ជាក់ជាថ្មីថាអំពីការគាំទ្ររបស់កម្ពុជាឱ្យទីម័រ ខាងកើតក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានឱ្យបានឆាប់បំផុត និងបានបញ្ជាក់ការគាំទ្រចំពោះ វិធីសាស្ត្រជាក់ស្តែង ឬប្រកបដោយភាពច្នៃប្រឌិតណាមួយដែលអាចជួយសម្រេចបាននូវគោលដៅ នេះ។ សម្តេចធិបតី បានស្វាគមន៍ការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីប្រទេសក្រៅតំបន់ចំពោះ ការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងបាន រំលឹកសាជាថ្មីអំពីសារសំខាន់នៃការស្វាគមន៍ដៃគូទាំងឡាយណាដែលចង់បង្កើតទំនាក់ទំនងជាមួយ អាស៊ានដោយផ្អែកលើគោលការណ៍នៃការគោរពគ្នា ការទុកចិត្តគ្នា និងការផ្តល់អត្ថប្រយោជន៍ទៅវិញ ទៅមក។
នៅក្នុងសម័យប្រជុំចង្អៀត ប្រមុខដឹកនាំបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផល ប្រយោជន៍ និងកង្វល់រួម។
ជំនួបនានារបស់ថ្នាក់ដឹកនាំអាស៊ាន
នៅក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) សម្តេចធិបតី បានគូសបញ្ជាក់អំពីសារសំខាន់ក្នុងការលើកកម្ពស់ និងថែរក្សានូវសន្តិភាពដែល មានស្រាប់ និងសន្តិសហវិជ្ជមានរវាងរដ្ឋ នៅខណៈដែលមានការងើបឡើងនូវជម្លោះហិង្សានៅតាម តំបន់នានានៃពិភពលោក និងនិន្នាការកើនឡើងនូវនយោបាយជ្រុលនិយម និងប្រជានិយម។ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់រដ្ឋាភិបាល និងស្ថាប័នសភា ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ឧស្សាហកម្មដែលកំពុងលេចឡើងថ្មី ដែលរួមមាន៖ សេដ្ឋកិច្ច ឌីជីថល និងអន្តរកាលបៃតង និងការដាក់ចេញនូវក្របខណ្ឌច្បាប់ ប្រកបដោយប្រសិទ្ធភាព ដែលអាច ជួយតំបន់យើងឱ្យទាញផលពីសក្តានុពលដ៏អស្ចារ្យ នៃវិស័យទាំងនេះ។
នៅក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ាន ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សម្តេចធិបតី បាន ង្កត់ធ្ងន់លើសារសំខាន់របស់ការបន្តធ្វើកិច្ចសហការរវាងវិស័យសាធារណៈ និងវិស័យឯកជនរបស់ អាស៊ាន ដើម្បីគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅខណៈដែលលម្អថវិកាមានកម្រិត និងលើកទឹក ចិត្តឱ្យមានកិច្ចសហការបន្ថែមទៀតនៅក្នុងផ្នែកតភ្ជាប់ក្នុងតំបន់ បរិវត្តកម្មឌីជីថល និងអន្តរកាល បៃតង។ សម្តេចធិបតី បានជម្រាបជូនអង្គប្រជុំថា កម្ពុជាទើបតែបានដាក់ចេញនូវផែនការមេគ្រប់ ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម នៅដើមឆ្នាំ២០២៤ និងបានស្នើ វិស័យឯកជនពិចារណារអំពីឱកាសដ៏គួរឱ្យទាក់ទាញនេះ។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពី តួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការរួមចំណែកដល់ការរីកចម្រើនដ៏ឆាប់រហ័សនៃសេដ្ឋកិច្ច និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនក្នុងតំបន់៕