ភ្នំពេញ៖ បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា កម្ពុជាសម្រេចបានទឹកប្រាក់ជាង ១៩,៨៣ ពាន់លានដុល្លារ ពីការនាំទំនិញចេញទៅក្រៅប្រទេស កើនឡើង ១៧ភាគរយ នៅក្នុងរយៈពេល ៩ខែ ពោលគិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤។ បើធៀបនឹងរយៈពេលដូចគ្នាក្នុង ២០២៣ ដែលមានទំហំទឹកប្រាក់ ១៦,៩៤ ពាន់លានដុល្លារ។
ទិន្នន័យរបស់ GDCE បានបញ្ជាក់ថា ការនាំចេញទំនិញរបស់កម្ពុជាមានទំហំទឹកប្រាក់ ១៩,៨៣ ពាន់លានដុល្លារ កើនឡើង ១៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២១,១០ ពាន់លានដុល្លារ កើនឡើង ១៥,៩%។
បេីតាមប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ ការបញ្ជាទិញនៅក្នុងវិស័យវាយនភណ្ឌពីកម្ពុជាមានភាពល្អប្រសើរ ខណៈមានតម្រូវការកើនឡើងនៅទីផ្សារអន្តរជាតិ ដូចជាអាមេរិក និងអឺរ៉ុបជាដើម ទើបធ្វើឱ្យការនាំចេញរបស់កម្ពុជាមានកំណើន។
ដោយឡែកលោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានឱ្យដឹងដែរថា ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចអាមេរិក និងបណ្ដាប្រទេសធំៗនៅតំបន់អឺរ៉ុប បានធ្វើឱ្យការនាំចេញរបស់កម្ពុជាកើនឡើង។ លោកបណ្ឌិត បន្ថែមថា កំណើននាំចេញរបស់កម្ពុជានៅពេលនេះ ក៏ដោយសារតែ រោងចក្រសហគ្រាសនៅក្នុងផ្នែកកម្មន្តសាលមួយចំនួន គាត់ផ្ទេពីការផលិតតែសម្លៀកបំពាក់ទៅលើទំនិញផ្សេងៗទៀត ដែលនាំឱ្យកម្ពុជានៅតែមានឧត្តមភាពនៅក្នុងការនាំចេញ ខណៈទំនិញកម្ពុជានៅតែមានភាពប្រកួតប្រជែង។
គួរបញ្ជាក់ថា ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន៖ សម្លៀកបំពាក់ ,ស្បែកជើង ,ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕