កីឡាករ Aurelien Tchouameni នឹងធ្វើជាប្រធានក្រុមជម្រើសជាតិបារាំងក្នុងការប្រកួត Nations League របស់ពួកគេជាមួយអ៊ីស្រាអែលនៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ក្នុងពេលអវត្តមាន Kylian Mbappe ហើយគ្រូបង្វឹកលោក Didier Deschamps ជឿជាក់ថាខ្សែបម្រើរូបនេះសាកសមនឹងតួនាទីនេះ។
មិត្តរួមក្រុម Real Madrid របស់គាត់ Mbappe ដែលជាប្រធានក្រុមបានអវត្តមានក្នុងការប្រកួត Nations League ជាមួយអ៊ីស្រាអែល និងបែលហ្ស៊ិក។ កីឡាករ Tchouameni គឺជាកីឡាករដ៏ពេញចិត្តមួយរូបក្នុងការដណ្តើមតួនាទីជាប្រធានក្រុមរួមជាមួយខ្សែការពារ Jules Kounde និងអ្នកចាំទី Mike Maignan។
លោក Decamps បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា “ខ្ញុំបានជ្រើសរើស Aurelien ពីព្រោះខ្ញុំជឿថា គាត់មានគុណសម្បត្តិក្នុងការទទួលខុសត្រូវនេះ ដោយផ្តល់បទពិសោធន៍ និងចរិតលក្ខណៈរបស់គាត់” ។
Mbappe ដែលបានចូលរួមជាមួយ Real Madrid ពី Paris St Germain ក្នុងអំឡុងពេលបិទរដូវកាលនោះ បានប្រឈមមុខនឹងការរិះគន់នៅក្នុងប្រទេសបារាំងចំពោះការមិនចូលរួមក្នុងការប្រកួតនៅទីក្រុង Budapest និង Brussels ខណៈដែលគាត់មានភាពសក្តិសមក្នុងការលេងឱ្យក្លិបអេស្ប៉ាញ។
លោក Deschamps បាននិយាយថា “គាត់បានលេងការប្រកួតចុងសប្តាហ៍ដោយមិន១០០ភាគរយ។ តើវាល្អសម្រាប់កីឡាករ និងក្រុមបារាំងទេ? ខ្ញុំមិនគិតដូច្នេះទេ។ កាលវិភាគតម្រូវការសម្រាប់កីឡាករគឺមិនល្អសម្រាប់ប្រទេសបារាំងទេ។ នេះមិនល្អសម្រាប់ក្រុមជម្រើសជាតិ ខ្ញុំធ្វើការជាមួយអ្វីដែលខ្ញុំមាន។ នៅពេលខ្ញុំប្រកាសក្រុម ស្ថានភាពអាចផ្លាស់ប្តូរ។ អ្វីដែលសំខាន់បំផុតគឺការសន្ទនាបើកចំហជាមួយកីឡាករ”។
ខ្សែប្រយុទ្ធរបស់ក្លិប Inter Milan កីឡាករ Marcus Thuram ដែលស៊ុតបញ្ចូលទីបាន៣គ្រាប់សម្រាប់ក្លិបអ៊ីតាលីរបស់គាត់ក្នុងជ័យជម្នះ ៣-២ លើក្រុម Torino ក្នុងខែនេះមិនប្រាកដក្នុងការលេងនោះទេ។
លោក Decamps បាននិយាយថា “Marcus Thuram នឹងហ្វឹកហាត់ដោយឡែកពីគ្នា គាត់កំពុងមានអារម្មណ៍ថាមានអ្វីមួយនៅកជើង។ វត្តមានរបស់គាត់នៅថ្ងៃនេះគឺមិនប្រាកដប្រជា។ យើងត្រូវតែធានាថាវានៅតែជាការប្រកួតបាល់ទាត់ ព្រោះនោះជាអ្វីដែលវាគឺជា។ ពិតណាស់ បរិបទគឺតានតឹងខ្លាំងណាស់ នោះជាការពិតជាអកុសល” ។
គួរបញ្ជាក់ថា អ៊ីស្រាអែលកំពុងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតនៅប្រទេសហុងគ្រី ដោយសារសង្រ្គាមអ៊ីស្រាអែល-ហ្គាហ្សា។ ចំណែកបារាំងដែលឈរលេខ២ក្នុងពូល A2 ត្រូវប៉ះអ៊ីស្ត្រាអែលនៅរាត្រីនេះវេលាម៉ោង១និង៤៥នាទី ម៉ោងនៅកម្ពុជា ហើយបន្ទាប់មកក្រុមមាន់គកបារាំងនឹងត្រូវជួបបែលហ្សិកនៅថ្ងៃចន្ទបន្តទៀត ៕ (រូបភាព ៖ Reuters/CNA)