លិខិតមិត្តអ្នកអាន៖ តើហេតុអ្វីត្រូវចាត់វិធានការច្បាប់ចំពោះអ្នកបង្កើត និងចែកចាយព័ត៌មានក្លែងក្លាយញុះញង់បង្កចលាចលសង្គម?

ចែករំលែក៖

ភ្នំពេញ ៖ ព័ត៌មានក្លែងក្លាយបានក្លាយទៅជាក្តីបារម្ភរបស់ពិភពលោកទៅហើយ ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថលនេះ។ មានឧទាហរណ៍ដ៏គ្រោះថ្នាក់ជាច្រើន ដែលបានកើតឡើង នៅបណ្តាប្រទេសនានាជុំវិញពិភពលោក ដោយក្រុមទុច្ចរិតបានបំផ្ទុះឡើង នូវចលានាជ្រុលនិយម និងកុប្បកម្មហិង្សា ដើម្បីបំផ្លាញរដ្ឋាភិបាលនៃប្រទេសនោះ តាមរយៈការប្រើប្រាស់ព័ត៌មានក្លែងក្លាយ បង្កាត់ជាភ្លើងឡើង។ ងាកមកស្ថានភាពនៅកម្ពុជាវិញ តើមានមូលហេតុអ្វីខ្លះ ដែលត្រូវចាត់វិធានការច្បាប់ ចំពោះអ្នកបង្កើតព័ត៌មានក្លែងក្លាយញុះញង់បង្កចលាចលសង្គម?

ទី១- ព័ត៌មានក្លែងក្លាយ គឺជាថ្នាំពុល និងមេរោគបំផ្លាញសង្គមជាតិ៖

ព័ត៌មានក្លែងក្លាយ អាចនាំឱ្យអន្តរាយដល់ប្រទេសជាតិគ្រប់ពេលវេលា វាអាចបង្កការភ័ន្តច្រឡំ ចលាចល ធ្វើឱ្យប្រទេសជាតិបែកបាក់ បង្កអសន្តិសុខ ជាក់ស្តែងដូចករណី កើតឡើងក្នុងប្រទេសអង់គ្លេសថ្មីៗនេះ ដែលមានការបង្ហោះព័ត៌មានក្លែងក្លាយដើម្បីបញ្ឆេះកំហឹង និងធ្វើឱ្យមានការរើសអើងពូជសាសន៍ ធ្វើឱ្យមានបាតុកម្ម ចលាចលធំមួយ ហើយដើម្បីទប់ទល់នឹងសភាពការណ៍នោះរដ្ឋាភិបាលអង់គ្លេស ក៏បានប្រើប្រាស់វិធានការដ៏តឹងរ៉ឹង ទៅលើក្រុមប្រឆាំងនិងបំបែកក្រុមបាតុករផងដែរ។

ទី២- ប្រទេសមានច្បាប់ត្រូវតែអនុវត្ត៖

ជាការពិតប្រសិនណាបើមិនយកច្បាប់មកអនុវត្តទេ នោះបញ្ហាព័ត៌មានក្លែងក្លាយនឹងបន្តកើតឡើងដដែលៗ ហើយអាចរីករាលដាលបង្កគ្រោះថ្នាក់ដល់សង្គមកម្ពុជាផងដែរ។ ប្រជាពលរដ្ឋដែលមិនបានដឹងពីឧបាយកលទុច្ចរិតរបស់ពួកក្រុមបង្កើតព័ត៌មានក្លែងក្លាយ ពិតណាស់ពួកគាត់អាចធ្លាក់ខ្លួនជាជនរងគ្រោះ នៃព័ត៌មានក្លែងក្លាយគ្រប់ពេលវេលា ដូច្នេះដើម្បីការពារប្រជាពលរដ្ឋតួនាទីរបស់រាជរដ្ឋាភិបាលគឺត្រូវតែអនុវត្តច្បាប់លើក្រុមបង្កើតព័ត៌មានក្លែងក្លាយឱ្យបានតឹងរ៉ឹងបំផុត។

ទី៣- ការពារសន្តិភាព ស្ថិរភាពនយោបាយ ដែលជាស្នូលនៃការអភិវឌ្ឍ៖

សុខសន្តិភាពគឺងាយស្រួលនិយាយ តែពិបាកនឹងរកណាស់ប្រសិនណាបើប្រទេសជាតិមួយធ្លាក់ក្នុងស្ថានភាពចលចល ឬសង្គ្រាមហើយ ច្បាស់ណាស់ប្រាកដវិនាសហិនហោចគ្រប់វិស័យតែម្តង។ សាកស្រមៃមើលថាតើក្នុងកំឡុងពេលប្រទេសជាតិមានសង្គ្រាមរត់លូនក្នុងទស្សវត្សឆ្នាំ៧០ មានប្រទេសណាខ្លះដែលអាចជួយស្វែងរកសុខសន្តិភាពមកប្រគល់ជូនប្រជាជនកម្ពុជាបាន? ចម្លើយគឺអត់ទេ! ខ្មែរត្រូវប្រឹងខ្លួនឯង ហើយបើទោះបីជាមានការជួយជ្រោមជ្រែងពីអន្តរជាតិនិងពីប្រទេសជិតខាងខ្លះក៏ដោយ ក៏មិនអាចទទួលបានជោគជ័យដែរប្រសិនបើខ្មែរខ្លួនឯងមិនប្រឹងខ្លួនឯងទេ។ ពេលច្បាប់ផ្តើមស្គាល់សន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ លោក ហ៊ុន សែន បានបង្ហាញការតាំងចិត្តខ្ពស់ថា លោកត្រូវតែការពារសន្តិភាពឱ្យបាន ព្រោះមានតែការពារថែរក្សាសន្តិភាពឱ្យប៉ុណ្ណោះទើបកម្ពុជាអាចរស់បាន អាចមានជំហររឹងមាំឡើងវិញ និងអាចអភិវឌ្ឍជាតិពីគំនរផេះផង់បាន។ ដូច្នេះប្រសិនណាជាមានការប៉ុនប៉ងក្នុងមធ្យោបាយទុច្ចរិតណាមួយដែល ចង់បំផ្លាញសុខសន្តិភាព គឺត្រូវតែទប់ស្កាត់ និងបំផ្លាញចោលជាដាច់ខាត។

នៅក្នុងប្រទេសកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម ដែលចង់ដណ្តើមអំណាចពីរាជរដ្ឋាភិបាលស្របច្បាប់ តែងតែបង្កើតព័ត៌មានក្លែងក្លាយជាច្រើនរាប់មិនអស់ដើម្បីដុតបញ្ឆេះកំហឹង ឱ្យប្រជាពលរដ្ឋ ងើបឡើងបះបោរប្រឆាំង នឹងការដឹកនាំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ក្រុមប្រឆាំងជ្រុលនិយមដែលភាគច្រើនញុះញង់ពីក្រៅស្រុក គឺពួកគេមានចេតនាទុច្ចរិតក្នុងការប៉ុនប៉ងនាំប្រទេសកម្ពុជា ឱ្យធ្លាក់ចូលក្នុងវិបត្តិ ឬរំលំរលាយជាថ្មីម្តងទៀត ដើម្បីពួកគេមានឱកាសឆក់យកអំណាចទៅក្តោប់ក្តាប់។ ការបង្កើត និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ គឺជាអំពើដ៏គ្រោះថ្នាក់បំផុត ប្រសិនបើមិនមានការទប់ស្កាត់ទាន់ពេលវេលានោះទេគឺច្បាស់ជាធ្វើឱ្យច្របូកច្របល់ អាចនាំមហន្តរាយដល់ជាតិក៏ថាបាន។ ៕

ដោយ៖ តាំង ករុណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print