ទីក្រុងវៀងចន្ទន៍៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានបញ្ជាក់ជាថ្មីនូវការ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវមិត្តភាពយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ អំឡុងពេលជំនួបទ្វេភាគីនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើក ទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅសាជាថ្មី ចំពោះ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ នាពេលថ្មីៗនេះ។ នាយករដ្ឋមន្ត្រីទាំងពីរទន្ទឹងរង់ចាំការរៀបចំសកម្មភាពរួមគ្នាប្រកបដោយអត្ថន័យ ដើម្បីអបអរ ខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ នៅឆ្នាំ២០២៥ ខាងមុខ។
ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីសារសំខាន់ នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាទៀងទាត់ ដើម្បីស្វែងរកវិធី និងមធ្យោបាយធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី។ ក្នុងន័យនេះ ភាគីទាំងពីរពិចារណារៀបចំកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្ត្រីចម្រុះ និងលើក ទឹកចិត្តឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីររៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ច សហប្រតិបត្តិការទ្វេភាគី ឱ្យបានឆាប់។
ក្នុងវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះកំណើន ពាណិជ្ជកម្មទ្វេភាគី និងការផ្លាស់ប្តូរធុរកិច្ច។ ភាគីទាំងពីរបានស្វាគមន៍ចំពោះជោគជ័យនៃកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍លើកទី៣ កាលពីខែកក្កដា ឆ្នាំនេះ នៅទីក្រុងបាងកក និងចំពោះ ទស្សនទាន «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ» ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់ខ្មែរប្រើនាចក្រកម្ពុជា ទៅកាន់ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនគម្រោងកិច្ចសហប្រតិបត្តិការ និងការពិគ្រោះយោបល់ដើម្បីសម្រួលការដោះដូរពាណិជ្ជកម្មឆ្លងដែន ការជំរុញទេសចរណ៍ និងការកសាងភាពបំពេញឱ្យគ្នាទៅវិញទៅមក ដូចជាតាមរយៈការបង្កើតតំបន់ សេដ្ឋកិច្ចពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជា ជាតិទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានទទួលស្គាល់អំពីតួនាទីយ៉ាងសំខាន់ និងការចូលរួមយ៉ាងសកម្ម របស់វិស័យឯកជនក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ក្នុងគោលដៅលើកកម្ពស់សន្តិសុខ និងសុវត្ថិភាព ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាសហការជិត ស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ការរត់ពន្ធគ្រឿងញៀនខុសច្បាប់ ការជួញដូរ មនុស្ស ការឆបោកតាមប្រព័ន្ធអ៊ីនធឺណែត និងការគំរាមកំហែងសន្តិសុខសាយប័រ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលយកដោយរីករាយនូវការអញ្ជើញរបស់ លោកស្រីនាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រថៃ និងបានអញ្ជើញលោកស្រីនាយករដ្ឋមន្ត្រី មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោកស្រី នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា បានទទួលយកការអញ្ជើញដោយពេញចិត្ត ហើយរំពឹងថា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខ៕