ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងនគរបាលស្រុកបវេល បានចុះអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់ តាមអំណាចតុលាការ ក្នុងករណីធ្វើឱ្យខូចខាតដោយចេតនា ក្រោយលួចដុតខ្ទមចាំចម្ការគេ រួចគេចខ្លួនបាត់១ឆ្នាំក្រោយ។
បេីតាមលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ នៅចំណុចភូមិថ្មី ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង លោកបានដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ រួមជាមួយកម្លាំងអន្តរាគមន៍ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦៩១ ត.ព្រ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ របស់លោក ហេង ផល្លា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ហេង សុខ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបួរ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ពីបទធ្វើអោយខូចខាតដោយចេតនា (លួចដុតខ្ទមចាំចម្ការ) ប្រព្រឹត្តនៅចំណុចក្រុមទី១១ ភូមិថ្មី ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃ០២ ខែកញ្ញា ឆ្នាំ២០២៣ បទល្មើសដែលមានចែងអោយផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ដោយ៖តារា