ខេត្តពោធិ៍សាត់៖ បើកធុងហ្គាសធំបញ្ចូលទៅធុងតូចផ្ទុះឡើងបង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងទំហំ ទទឹង 7.5និងបណ្ដោយ 21ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី រួមនឹងសម្ភារៈទ្រព្យសម្បត្តិមួយចំនួន ស្ទើរទាំងស្រុងដោយសារតែ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះកើតឡើងកាលពីយប់ថ្ងៃទី ១៣ខែតុលា ឆ្នាំ ២០២៤ ត្រង់ចំណុចជាប់ស្ថានីយ៍ប្រេងឥន្ធនៈpapa ក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។
សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះយ៉ុងខេង ភេទប្រុសអាយុ 64 ឆ្នាំ មានមុខរបរអាជីវកម្មបញ្ចូលហ្គាស រស់នៅក្នុងភូមិកើតហេតុខាងលើ។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា គ្រោះអគ្គិភ័យនេះកើតឡើងដោយសារតែកូនម្ចាស់ផ្ទះបើកធុងហ្គាសធំបញ្ចូលទៅធុងហ្គាសតូចទើបបណ្ដាលឱ្យផ្ទុះកើតចេញជាអណ្ដាតភ្លើង រាលដាល់ផ្ទុះធុងហ្គាសជាច្រើនឆាបឆេះផ្ទះរួម និងសម្ភារៈទ្រព្យសម្បត្តិនៅក្នុងនោះមួយចំនួនអស់ស្ទើរទាំងស្រុង រួមមាន ម៉ូតូចំនួនពីរគ្រឿង ទូឈឺចំនួន 3 ទុកបាយ1 សាឡុងធំ1ឈុត សាឡុងតូច1ឈុត គ្រែ០១ ហង្សតេ ចំនួន០១និងសម្ភារៈផ្សេងៗមួយចំនួនទៀតផងដែរ ប៉ុន្តែមិនមានមនុស្សណាម្នាក់រករបួសឡើយ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះគេឃើញវត្តមាន ឯកឧត្តមខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះដល់កន្លែងកើតហេតុ ជាមួយនឹងក្រុមរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់2 រថយន្តទើបភ្លើងរលត់ទៅវិញមិនរាលដាលដល់ផ្ទះអ្នកជិតខាង៕
ដោយ៖ ជ្រោយពេជ្រ