ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល មិនហាមក្នុងការជឿសាសនានោះទេ ប៉ុន្ដែកុំជ្រុលហួសហេតុពេក ពិសេសការតាំងខ្លួនជាគ្រូ នាំឱ្យប៉ះពាល់ សាសនា និងសីលធម៌។
ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោយមានបុគ្គលមួយចំនួន បានតាំងខ្លួនជាព្រះ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនៀមទំលាប់ សីលធម៌ និងសាសនា។
នាឱកាសអញ្ជើញអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «យើងមិនហាមទេ នៅក្នុងការទទួលសិទ្ធ នៃការទទួលការស្គាល់ ការគោរព របស់គាត់ ជំនឿ ខុសគ្នា តែកុំបង្ហោះ ព្រោះកន្លែងខ្លះពិបាកប៉ះពាល់។ អ្នកខ្លះតែងតាំងខ្លួនជាព្រះ ស្លៀកពាក់ឥសី ទៅអង្គុយក្នុងផ្កាឈូក ព្រោះហ្នឹងពាក់ព័ន្ធនឹងការអប់រំ ជះឥទ្ធិលពលដល់ប្រជាពលរដ្ឋ ដល់យុវជន ហើយប៉ះពាល់សីលធម៌ និងសាសនា»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាដល់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាឱ្យបន្តចាត់វិធានការចំពោះបុគ្គលដែលតាំងខ្លួនជាព្រះ តាំងខ្លួនជាបារមីនានា ដើម្បីកុំឱ្យមានការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គម។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ពលរដ្ឋគ្រប់រូបមានសិទ្ធិជឿលើជំនឿនានាប៉ុន្តែមិនត្រូវផ្សព្វផ្សាយឱ្យមានការយល់ច្រឡំនៅក្នុងស្រទាប់មហាជននោះឡើយ៕
ដោយ ៖ សិលា