កាត់ទោសអតីតអភិបាលក្រុងកែបចោទពីបទរំលោភអំណាចនិងសំអាតប្រាក់

ចែករំលែក៖

ភ្នំពេញ ៖ លោក ខេង យ័ន អតីតអភិបាលក្រុងកែបដ៏ខែងរ៉ែង ត្រូវបាននាំខ្លួនពីពន្ធនាគារព្រៃស មកកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១៤ខែតុលា ឆ្នាំ២០២៤នេះដើម្បីចូលរួមការកាត់ទោសជាសាធារណៈ ក្រោយការឃុំខ្លួនរយៈពេល១០ខែរួចមក ។

អង្គសវនាការនេះដឹកនាំដោយលោក ធាម ច័ន្ទពិសិដ្ផ ជាចៅក្រមជំនុំជំរះ និងលោកស្រី ផាត់ សុគន្ធា ជាតំណាងអយ្យការ ។

តុលាការបានប្រាប់ជនជាប់ចោទដែលឈរនៅក្នុងរង្វង់ក្រចកសេះថា តុលាការបានចោទប្រកាន់ឈ្មោះ ខេង យ័ន ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជាអតីតអភិបាលក្រុងកែប ពីបទ រំលោភអំណាច និងបទ សំអាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

ជនជាប់ចោទបានសារភាពចំពោះបទចោទប្រកាន់នេះ ហើយសំណូមពរសុំអោយតុលាការបន្ធូបន្ថយទោស ។

អំពើល្មើសរបស់លោក ខេង យ័ន គឺពាក់ព័ន្ធនិងការទាមទារកំរ៉ៃសេវ៉ាសាធារណៈ និងដីធ្លីនៅក្នុងអាណាចក្ររបស់ខ្លួន ។

តុលាការមិនទាន់កំណត់ពេលវេលាជាក់លាក់ដើម្បីប្រកាសសាលក្រមទេ ។

គួររំលឹកថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យសុធី បូរ៉ាឆាត កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែបហើយ ក្រោមការចោទប្រកាន់លើបទ រំលោភអំណាច និងបទសម្អាតប្រាក់ ដោយដាក់ពន្ធនាគារព្រៃស ។

លោកខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការ នារសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ហើយត្រូវបានតំណាងអយ្យការចោទប្រកាន់២បទល្មើស គឺបទ រំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
មុនពេលចាប់ខ្លួន លោក ខេង យ័ន ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យបញ្ចប់តំណែងអភិបាលក្រុងកែប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយសារតែប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ផានរបស់ខ្លួនគ្រប់គ្រង ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print