សម្តេចធិបតី៖ កម្ពុជាកំពុងសម្រួចភាពម្ចាស់ការលើខ្លួនឯងដោយមិនបន្តពឹងគេដើម្បីរស់នោះឡើយ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួប២០ឆ្នា នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល កំពុងបន្តពង្រឹង និងលើកកម្ពស់ពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូអភិវឌ្ឍន៍ ទាំងអស់ដោយឈរលើអភិក្រមពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី ពីព្រោះដើម្បីឈានទៅកម្ពុជា ចាកចេញពីប្រទេសក្រីក្រចាំបាច់ គឺត្រូវការពង្រឹងផលិតផល និងសេវាខាងក្នុង និងពង្រីកទីផ្សារ ខាងក្រៅ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ គឺបន្តអនុវត្តនូវទិសដៅ និងចក្ខុវិស័យច្បាស់ របស់កម្ពុជាដែលដឹកនាំ ដោយរាជ រដ្ឋាភិបាល អាណត្តិមុនៗ គ្រាន់តែពេលនេះ ដើម្បីធ្វើឱ្យសម្រេចបានដល់គោលដៅដែលបានកំណត់ វិធីសាស្រ្ដមួយចំនួនក្នុងការដឹកនាំប្រទេសជាតិ គឺត្រូវប្រែប្រួល ប៉ុន្ដែទិសដៅមិនប្រែប្រួលនោះទេ។
សម្តេចបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ ដើម្បីឆ្លុះបញ្ចាំងនូវចក្ខុវិស័យ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក និងដើម្បីរំលេចនូវសមិទ្ធផលនានា ដែលកើតចេញពីរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។
សម្តេចបានគូសបញ្ជាក់ដូច្នេះថា៖ «ឆ្នាំ២០០៤ គឺជាឆ្នាំ ដែលកូនខ្មែរគ្រប់រូប តោងចងចាំ នៅពេលកម្ពុជា ដែលជាប្រទេសតូច និងជាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) អាចសម្រេចបាននូវជោគជ័យដ៏កម្រ នៅក្នុងបរិការណ៍នៃក្របខ័ណ្ឌពាណិជ្ជកម្មពហុភាគី ដែលយើងបានក្លាយជាសមាជិក WTO ពេញសិទ្ធិ។ យើងនៅចងចាំបានថា តាមរយៈជោគជ័យដ៏ត្រចះត្រចង់នេះ កិត្តិនាមរបស់កម្ពុជាបានលេចខ្ពស់ត្រដែត ហើយបណ្តាប្រទេស ដែលមានការអភិវឌ្ឍតិចតួចទាំងឡាយ បានមកស្នើសុំរៀនសូត្រពី បទពិសោធរបស់កម្ពុជា»។
សម្តេចបានចាត់ទុកថា សមិទ្ធផលនេះ មិនមែនកើតចេញដោយចៃដន្យនោះទេ ប៉ុន្តែកើតចេញពីការដាក់ចេញប្រកបដោយគោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ។ សម្តេចបានរំលឹកអំពីប្រវត្តិរបស់កម្ពុជា ក្នុងការស្នើចូលរួមជាសមាជិក WTO ដែលពេលនោះមិនមែនដាក់ថ្ងៃនេះ ហើយស្អែកគេឱ្យចូលនោះទេ គឺត្រូវការពេលវេលាជាង១ទសវត្ស ដោយចាប់ផ្តើមចរចាពីឆ្នាំ១៩៩៤ មកម្ល៉េះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print