មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបប្រជុំជាមួយមន្ត្រីសន្តិសុខកំពូល ដើម្បីពិភាក្សាអំពីសន្តិសុខជាតិ ចំពេលមានភាពតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េ។
នៅក្នុងកិច្ចប្រជុំនោះ លោក គីម បានស្នើផែនការមួយ ដើម្បីចាត់វិធានការយោធាជាបន្ទាន់ និងបានស្នើ “កិច្ចការសំខាន់ៗដែលត្រូវបញ្ចប់ក្នុងការរារាំងសង្គ្រាម និងអនុវត្តសិទ្ធិការពារខ្លួនដើម្បីការពារបូរណភាពជាតិ”។
កិច្ចប្រជុំនេះបាននាំយកមន្ត្រីយោធា និងចារកម្មកូរ៉េខាងជើងសំខាន់ៗ រួមទាំងអគ្គសេនាធិការកងទ័ពកូរ៉េខាងជើង Ri Yong-gil និងអគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបការណ៍កូរ៉េខាងជើង Ri Chang-ho ។
ភាពតានតឹងកំពុងកើនឡើងនៅលើឧបទ្វីបកូរ៉េ ខណៈដែលទីក្រុងព្យុងយ៉ាងបានចេញការព្រមានយ៉ាងធ្ងន់ធ្ងរ ប្រសិនបើកូរ៉េខាងត្បូងបញ្ជូនយន្តហោះគ្មានមនុស្សបើក (UAVs) បន្ថែមទៀតទៅកាន់ទីក្រុងព្យុងយ៉ាង។ កន្លងមក កូរ៉េខាងជើងបានចោទប្រកាន់កូរ៉េខាងត្បូងថាបានបញ្ជូន UAVs ដើម្បីផ្សព្វផ្សាយខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង “ចំនួនដ៏ច្រើន” នៅក្នុងរដ្ឋធានីព្យុងយ៉ាង។ កូរ៉េខាងជើងហៅការបង្កហេតុខាងនយោបាយ និងយោធាដែលអាចឈានដល់ជម្លោះប្រដាប់អាវុធ។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា វាមិនអាចបញ្ជាក់បានថា តើការអះអាងរបស់កូរ៉េខាងជើងអំពីការលុកលុយដោយ UAVs របស់កូរ៉េខាងត្បូងគឺជាការពិតឬយ៉ាងណា៕
រូបថត: KCNA