ស្ថានទូតជប៉ុនប្រចាំកម្ពុជា​៖​ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាព និងពង្រីកវិសាលភាពទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាលបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សុខាភិបាល​កម្ពុជា​ នៅរសៀល​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា​ ដោយទទួលបានការអនុញ្ញាតពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួប លោក NAGASE Kensuke រដ្ឋមន្ត្រី និងជាអនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុន ដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ កាលពីម្សិលមិញនេះ​ នៅទីស្តីការក្រសួងសុខាភិបាល។

ជាកិច្ចចាប់ផ្តើម លោកស្រីរដ្ឋលេខាធិការ បានសម្តែងការអបអរសាទរចំពោះ លោក NAGASE Kensuke សម្រាប់ទទួលបានការតែងតាំងថ្មី និងសូមថ្លែងអំណរគុណដល់រាជដ្ឋាភិបាល និងប្រជាជន ជប៉ុន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈការចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា និងផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងដល់វិស័យសុខាភិបាល ដូចជាសាងសង់មូលដ្ឋានសុខាភិបាល និងផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រនៅតាមមន្ទីរពេទ្យខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាលជាច្រើន តាំងពីដំណាក់កាលលំបាករហូតមកដល់បច្ចុប្បន្ន​ ជាពិសេស​ក្នុង​អំឡុង​ពេល​ នៃការ​រាតត្បាត​នៃ​ជំងឺ​ ឆ្លង​កូវីដ​ ១៩​ ជា​សាកល​។ កម្ពុជា និងជប៉ុននៅតែបន្តពង្រឹងកិច្ចសហការឱ្យកាន់តែរឹងមាំថែមទៀតលើវិស័យអាទិភាពជាច្រើនដូចជា៖ គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យថ្នាក់តំបន់ ព្រមទាំងផ្តល់ជូននូវសម្ភារបរិក្ខារពេទ្យ និងគម្រោងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកាកសំណល់នៅម្ពុជា។

ជាការឆ្លើយតប លោក NAGASE Kensuke រដ្ឋមន្ត្រី និងជាអនុប្រធានបេសកកម្មថ្មី នៃស្ថានទូតជប៉ុន បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល ដែលបានសហការ សម្របសម្រួល ក្នុងរយៈពេល ច្រើន​ឆ្នាំកន្លង​មកនេះ និងការគាំទ្រក្នុងការចាប់ផ្តើមគម្រោងមួយចំនួនដូចជា គម្រោងកម្ចីឥណទានការធ្វើឱ្យប្រសើរឡើងនូវមន្ទីរពេទ្យថ្នាក់តំបន់ និងគម្រោងការបង្កា និងទប់ស្កាត់ជំងឺមិនឆ្លងនៅកម្ពុជា។ លោក NAGASE Kensuke ក៏បាន​គូសបញ្ជាក់​ពី​ការ​គាំទ្រ​ដល់​ រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អនុវត្ត​ផែនទី​ចង្អុល​ផ្លូវ​ឆ្ពោះ​ទៅ​សម្រេច​ គោលដៅ​ ឆ្នាំ​២០៣៥​ ក៏​ដូច​ជា​គោលជំហរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល បន្ថែមទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

ជាចុងបញ្ចប់ លោកស្រី​រដ្ឋលេខាធិការ បានថ្លែងអំណរគុណ​ ដល់​គណ:ប្រតិភូ​ និង​សហការី​ទាំង​អស់​ ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ ដេីម្បី​ឈានទៅ​សំរេច​គោលដៅ​ដោយ​ជោគជ័យ​៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print