ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តស៊េរីទំនើបដែលបេីកដោយស្ត្រីម្នាក់នៅផ្លូវបំបែកជាបួនបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ៣១០កែងផ្លូវលេខ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃើញស្ត្រីម្នាក់បេីករថយន្តស៊េរីទំនើបម៉ាក MASERATI LEVANTE ឆ្នាំ២០២១ ពណ៌ទឹកប៊ិក ពាក់ផ្លាកលេខកម្ពុជា LHT.1019 ដឹកកូនប្រុសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៧ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួនក៏ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1P-3157 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ លេខ៣១០ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿននិងចាប់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តចំផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងពេញទំហឹងបណ្តាលឱ្យម៉ូតូរងការខូចខាត និងធ្វើឱ្យអ្នកជិះម៉ូតូសន្លប់ស្តូកស្តឹងត្រូវបានដឹកតាមឡំប្រឺតាយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែកភាគីខាងរថយន្តវិញក៏រងការខូចខាតផែ្នកខាងមុខចំហៀងខាងស្តាំនិងក្រពឹតទ្វារផងដែរ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកនៅក្នុងរថយន្តនោះឡេីយ ។
ក្នុងហេតុការណ៍នេះភាគីខាងរថយន្តមិនទាមទារសំណងនោះទេ តែខាងម៉ូតូបានសុំថ្លៃព្យាបាលរបួសនិងជួសជុលម៉ូតូ ។ ដោយដោះស្រាយគ្នាមិនត្រូវ ទេីបសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយកម៉ូតូនិងរថយន្តខាងលេីទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ