ការប្រណាំងរថយន្តឧបសគ្គ OFF ROAD អន្តរជាតិ ២០២៤ មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តាប់បទបង្ហាញរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា ស្តីពីការប្រណាំងរថយន្តលើផ្លូវឧបសគ្គ (OFF ROAD) អន្តរជាតិ ២០២៤ ដើម្បីជំរុញវិស័យទេសចរណ៍ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។

លោក ឈិន សីហា តំណាងសហព័ន្ធកីឡាយានយន្តកម្ពុជា បានធ្វើការបទបង្ហាញស្តីពីការារៀបចំការប្រណាំងរថយន្តលើផ្លូវឧបសគ្គ (OFF ROAD) អន្តរជាតិ ២០២៤ នៅលើទឹកដី នៃខេត្តព្រះសីហនុ ការបង្កើតព្រឹត្តការណ៍ជួបជុំរថយន្ត (OFF ROAD)ដ៏ធំនៅកម្ពុជា ដែលជាការកែឆ្នៃនៃការបំពាក់នូវកង់ធំៗមកពីបណ្តាក្លឹប និងប្រទេសនានាក្នុងការបង្ហាញសមត្ថភាព និងបច្ចេកទេសបើកបរឆ្លងកាត់ឧបសគ្គវាលភក់ ឆ្លងទឹក ឡើងថ្ម និងនាំមកឱ្យមានការចាប់អារម្មណ៍របស់ទស្សនិកជនរំភើប ជក់ចិត្តទស្សនាបែបផ្សងព្រេង អាចស្នាក់នៅបោះតង់ អាំងសាច់ និងរីករាយជាមួយ និងការប្រគុំតន្ត្រី កម្មវិធីកម្សាន្ត ព្រមទាំងមានស្តង់តាំងលក់ផលិតផលម្ហូបអាហារផ្សេងៗនាបរិយាកាស កម្មវិធីកម្សាន្ត ស្តង់តាំងលក់ផលិតផល និងម្ហូបអាហារផ្សេងៗ នាបរិយាកាសក្បែមាត់សមុទ្រផងដែរ។ ក្នុងនោះក៏មានកម្មវិធីដង្ហែក្បួនម៉ូតូ និងរថយន្ត(OFF ROAD) អន្តរជាតិ ឆ្លងកាត់ផ្លូវក្នុងទីប្រជុំជនក្រុងព្រះសីហនុ ព្រមទាំងមានការដាក់ស្តង់តាំងបង្ហាញក្រុមរថយន្ត ផលិតផល និងស្តង់លក់ដូរអាហារផ្សេងៗជាមួយកម្មវិធីកម្សាន្តស្ថិតក្នុងទីលានប្រណាំងជិតឆ្នេរអូរត្រេះ តាមការគ្រោងទុកការប្រណាំងរថយន្តឧបសគ្គ (OFF ROAD) អន្តរជាតិ ២០២៤ នៅខេត្តព្រះសីហនុ ដែលមានរថយន្តចូលរួមប្រណាំងចំនួន ៨០គ្រឿង ក្នុងនោះក៏មានរថយន្តបរទេសចូលរួមប្រណាំងប្រមាណ ១០ភាគរយ ការប្រណាំងរថយន្ត (OFF ROAD) គ្រោងធ្វើនៅលើផ្ទៃដី ២៤ហិកតា នៅជិតឆ្នេរអូត្រេះ ក្រុងព្រះសីហនុ ក្នុងនោះក៏មានការសម្តែងបច្ចេកទេស CAR DRIFT SHOW នៅកណ្តាលទីក្រុង ទន្ទឹមនោះបញ្ហាសុវត្ថិភាព ក៏បានត្រូវគិតជាចំណុចចំបងផងដែរ។

ការប្រណាំងរថយន្តឧបសគ្គ OFF ROAD អន្តរជាតិ ២០២៤ មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមកីឡាករចូលរួមចុះឈ្មោះថ្ងៃទី២៩ ចាប់ផ្តើមដំណើការដង្ហែក្បួន និងរៀបចំព្រឹត្តិការណ៍ប្រណាំង ថ្ងៃទី៣០ ក៏ជាថ្ងៃប្រណាំងផ្តាច់ព្រ័ត្រ និងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ជាថ្ងៃប្រកាសជ័យលាភីពានរង្វាន់។

បន្ទាប់ពីការធ្វើបទបង្ហាញ និងពិភាក្សាគ្នារួចមក លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានឯកភាពការបង្កើតព្រឹត្តិការណ៍ប្រណាំងរថយន្តឧបសគ្គ OFF ROAD អន្តរជាតិ ២០២៤នៅលើទឹកដីតំបន់ឆ្នេរនៃខេត្តព្រះសីហនុ និងបានថ្លែងអំណរគុណសហព័ន្ធកីឡាយានយន្តកម្ពុជា រៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD អន្តរជាតិ ២០២៤ នៅលើទឹកដីខេត្តព្រះសីហនុ នាពេលខាងមុខ ព្រោះខេត្តរបស់យើងចង់បានផលិតផល ឬព្រឹត្តិការណ៍ថ្មីៗកើតមាននៅលើទឹកដីតំបន់ឆ្នេរ នៃភាគនារតី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពជា ដើម្បីធ្វើការប្រកួតទទួលបានជោគជ័យតាមការគ្រោងទុក ព្រមទាំងបានធ្វើការណែនាំឱ្យបង្កើតក្រុមការងារដើម្បីពិភាក្សាដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់ ដើម្បីរក្សាសន្តិសុខនៅទីលានប្រណាំងរថយន្ត ការតាំងពិព័រណ៌ ជំរុញការដាក់តាំងផលិតផលរបស់ខេត្ត និងផលិតផលក្នុងស្រុកឱ្យបានច្រើន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print