ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅលើផ្លូវបេតុង ក្នុងបុរីរំចេក ភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះពិនិត្យកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។
សពជនរងគ្រោះមានឈ្មោះ សាត់ ជឿន អាយុ ៣៤ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅម្ដុំកន្លែងកើតហេតុ។
បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ គេឃើញជនរងគ្រោះឈររាំលើផ្លូវបេតុងម្នាក់ឯង លុះព្រឹកឡើងត្រូវបានគេប្រទះឃើងជនរងគ្រោះដេកស្លាប់ក៏បានហៅអ្នកជិតខាងឲ្យជួយមើល និងទាក់ទងប្រាប់សាច់ញ្ញាត្តិជនរងគ្រោះនិងរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកកន្លែងកើតហេតុ។
តាមប្រភពពីសាច់ញ្ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានសតិមិនល្អមិនមានប្រពន្ធកូននោះទេ ធ្លាប់ប្រើប្រាស់សារធាតុញៀន ដោយដើរយប់ប្រលប់ចូលផ្ទះសម្បែងវិញ និងសព្វថ្ងៃរស់នៅជាមួយឪពុកម្ដាយ។
ក្រោយពីទទួលបានព័ត៌មានថាមានករណីមនុស្សដេកស្លាប់ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសបានចុះទៅដល់កន្លែងកើតហេតុក៏បានឃើញបុរសម្នាក់ដេកស្លាប់ពិតប្រាកដមែន និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញ កោសល្យវិច័្ឆយខណ្ឌដង្កោនិងរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច័្ឆយនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យ។
តាមការពិនិត្យវិភាគនិងកោសល្យវិច្ឆ័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងលោកឧញ្ញាវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូងបណ្ដាលមកពីការប្រើប្រាស់សារធាតុញឿនលើសកំរិត។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕