ក្រសួងប្រៃសណីយ៍ ណែនាំឱ្យបញ្ឈប់សកម្មភាពផ្តល់សេវាអ៊ីនធឺណិតដោយគ្មានអាជ្ញាបណ្ណ ការលក់ដុំសេវាអ៊ីនធឺណិតដល់បុគ្គល ដែលគ្មានអាជ្ញាបណ្ណ និងការផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា កន្លងមក ក.ប.ទ. បានចាត់ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ ចំនួន ៩ ក្រុម ដើម្បីចុះត្រួតពិនិត្យ និងរកដំណោះស្រាយពង្រឹងគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិត នៅតាមបុរី ទីប្រជុំជន និងអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ និងបានចាត់ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅ ទូទាំងប្រទេស ដោយបែងចែកជា ៥ តំបន់។ តាមរយៈបេសកកម្មនេះ ក្រុមការងារបានរកឃើញថា ប្រតិបត្តិករ ទូរគមនាគមន៍មួយចំនួន បានសហការនិងលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិត ទៅឱ្យក្រុមហ៊ុន ឬបុគ្គល យកទៅ ធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) នៅតាមបុរី អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារខ្ពស់ ផ្សារទំនើប ជាដើម ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) ពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ហើយទីតាំងមួយចំនួនទៀត ក៏នៅតែបន្តមានការផ្តល់សេវាផ្តាច់មុខដោយប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតតែមួយ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងមានការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងវិស័យទូរគមនាគមន៍។ ក្នុងន័យនេះ ក.ប.ទ. សូមណែនាំ ដូចខាងក្រោម៖

១. ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវបញ្ឈប់ទាំងស្រុងរាល់ការលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិត ទៅឱ្យក្រុមហ៊ុន ឬបុគ្គល យកទៅធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) ទៅដល់អ្នកប្រើប្រាស់ ដោយ គ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) ពី ន.ទ.ក.។

២. ក្រុមហ៊ុន ឬបុគ្គល ដែលកំពុងធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) ទៅដល់អ្នកប្រើប្រាស់ ដោយ គ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) ពី ន.ទ.ក. ត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ ផ្អែកតាមមាត្រា១៤ មាត្រា១៧ មាត្រា៩១ និងមាត្រា៩២ នៃច្បាប់ស្តីពីទូរគមនាគមន៍ ការធ្វើប្រតិបត្តិការ ដោយគ្មានអាជ្ញាបណ្ណពី ន.ទ.ក. ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ ០០០ ០០០ រៀល ទៅ ១០ ០០០ ០០០ រៀល ហើយចំពោះនីតិបុគ្គលដែលប្រព្រឹត្តបទល្មើសនេះ ត្រូវរង ពិន័យជាប្រាក់ពី ៥០០ ០០០ ០០០ រៀល ទៅ ១ ០០០ ០០០ ០០០ រៀល ព្រមទាំងទោសបន្ថែមដូចដែល មានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។ បន្ថែមពីនេះ ក្រុមហ៊ុន ឬបុគ្គលទាំងនោះ ត្រូវប្រឈមមុខនឹងការផាកពិន័យធ្ងន់ធ្ងរទៅតាមទំហំនៃប្រតិបត្តិការអាជីវកម្ម និងពី សកម្មភាពល្មើសច្បាប់នានារបស់ខ្លួន។

៣. ក្រុមហ៊ុន ឬបុគ្គលដែលកំពុងមានកិច្ចសន្យាផ្តាច់មុខជាមួយប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត ត្រូវតែបញ្ឈប់ រាល់កិច្ចសហការ ឬបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត។ ផ្អែកតាមមាត្រា៦២ មាត្រា១០២ និង មាត្រា១០៣ នៃច្បាប់ស្តីពីទូរគមនាគមន៍ ប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលពាក់ព័ន្ធ នឹងវិស័យទូរគមនាគមន៍ដែលធ្វើការប្រកួតប្រជែងមិនស្របច្បាប់ ត្រូវរងការព្រមានជាលាយលក្ខណ៍អក្សរ ដោយភ្ជាប់នូវលក្ខខណ្ឌកែតម្រូវសម្រាប់រយៈពេលកំណត់ណាមួយ ដោយ ន.ទ.ក. ហើយក្នុងករណីដែល នៅតែមិនគោរពតាមការព្រមានខាងលើ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ ពី ៥០ ០០០ ០០០ រៀល ទៅ ១០០ ០០០ ០០០ រៀល។ ចំពោះនីតិបុគ្គលដែលប្រព្រឹត្តបទល្មើសនេះ ត្រូវ ពិន័យជាប្រាក់ពី ៥០០ ០០០ ០០០ រៀល ទៅ ១ ០០០ ០០០ ០០០ រៀល ព្រមទាំងទោសបន្ថែមណាមួយ ឬច្រើន ដូចដែលមានចែងក្នុងមាត្រា ១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។ ប្រតិបត្តិករទូរគមនាគមន៍ និងក្រុមហ៊ុន ឬបុគ្គលដែលពាក់ព័ន្ធ ត្រូវប្រឈមមុខនឹងការផាកពិន័យធ្ងន់ធ្ងរ ទៅតាមទំហំនៃប្រតិបត្តិការអាជីវកម្ម និងពីសកម្មភាពល្មើសច្បាប់នានារបស់ខ្លួន។

ន.ទ.ក. នឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះករណីល្មើសច្បាប់នេះ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍

និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាសណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងវិស័យទូរគមនាគមន៍ ការពង្រឹង គុណភាពសេវាអ៊ីនធឺណិត ការលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាពនិងស្របច្បាប់ ព្រមទាំងធានានូវតម្លៃ សមស្របជូនដល់អ្នកប្រើប្រាស់។

សាធារណជនដែលមានព័ត៌មានអំពីសកម្មភាពដូចខាងលើ សូមជួយផ្តល់ព័ត៌មានមក ន.ទ.ក. តាមរយៈ លេខទូរសព្ទ Hotline ៦៧៨៩ និងផ្ញើសារមកកាន់អីមែល [email protected]។ ន.ទ.ក. នឹងរក្សាការសម្ងាត់ជូន។

អាស្រ័យហេតុនេះ សូម ប្រតិបត្តិករទូរគមនាគមន៍និងសាធារណជនទាំងអស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print