ភ្នំពេញ ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជារការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរនាវីឯក អីវ៉ាន់ ស្តាដឆេនកូ (Ivan STADCHENKO) នាយការិយាល័យអនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងជំនួបនាឱកាសនោះ លោកវរនាវីឯក អីវ៉ាន់ ស្តាដឆេនកូ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលឯកឧត្តមអគ្គមេបញ្ជាការបានផ្ដល់ឱកាសទទួលជួបសម្តែងការគួរសមនាពេលនេះ និងបានបញ្ជាក់ពីការមកបំពេញបេសកម្មរបស់លោកជាលើកទី២ នៅកម្ពុជា ដើម្បីបន្តពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។
លោកវរនាវីឯក អីវ៉ាន់ ស្តាដឆេនកូ បានបញ្ជាក់ថា កន្លងមករូបលោកធ្លាប់មានបទពិសោធន៍ធ្វើការនៅព្រះរាជាណាចក្រកម្ពុជា ហើយបេសកម្មថ្មីរបស់លោកនឹងទទួលបានជោគជ័យថែមទៀត ដែលទាំងនេះក៏ត្រូវការជាចាំបាច់នូវជំនួយ និងការសម្របសម្រួលពីឯកឧត្តមអគ្គមេបញ្ជាការផងដែរ។
លោកអនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីថ្មី ក៏បានជម្រាបជូនផងដែរ ពីជំនួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលផ្តោតសំខាន់ធ្វើឱ្យកងទ័ពប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងល្អជាមួយគ្នា ក្នុងនោះកងទ័ពរុស្ស៊ីបានត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់កងទ័ពកម្ពុជា។
ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណប្រទេសរុស្ស៊ី ដែលកន្លងមកបានជួយកម្ពុជានៅក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ការរួមចំណែកអភិវឌ្ឍន៍កម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេសក្នុងគ្រាលំបាក រុស្ស៊ីជួយគាំទ្រសំខាន់បំផុតខាងផ្នែកនយោបាយ។
ដោយឡែកលើវិស័យយោធា ឯកឧត្តមអគ្គមេបញ្ជាការ បានលើកឡើងពីទំនាក់ទំនងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ ដែលបានចុះអនុស្សាណៈយោគយល់គ្នា ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការឲ្យស្អិតរមួត ហើយដែលត្រូវបានបន្តពង្រឹងពង្រីកជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។
ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានសំណូមពរដល់ភាគីកងទ័ពរុស្ស៊ីដើម្បីជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់បណ្ដាប្រភេទទ័ពក្នុងកងយោធពលខេមរភូមិន្ទ ជាពិសេសផ្នែកសង្គ្រាមអេឡិចត្រូនិច ដែលកងទ័ពរុស្ស៊ីធ្លាប់មានបទពិសោធន៍។
ជាមួយនោះ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានស្នើសុំដល់ភាគីរុស្ស៊ីក្នុងការពង្រឹងការផ្លាស់ប្ដូរព័ត៌មាន ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ការបន្តកិច្ចសហប្រតិបត្តិការ ការធ្វើលំហាត់សង្គ្រោះគ្រោះអន្តរាយ ដូចជាការងារមនុស្សធម៌ និងការជួយពង្រឹងសមត្ថភាពកងកម្លាំងថែរក្សាសន្តិភាពផងដែរ៕
ដោយ ៖ សិលា