ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ចិញ្ចើមផ្លូវ និងផ្លូវថ្មើរជើងត្រូវប្រើប្រាស់សម្រាប់តែគោលបំណង ក្នុងការធ្វើចរាចរណ៍ដោយថ្មើរជើង។
ក្រសួងសាធារណការ បានគូសបញ្ជាក់ថា យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រាទី២៩ បានចែងថា៖ មិនត្រូវចតរថយន្ត ឬយានជំនិះតាមដងផ្លូវ ចិញ្ចើមផ្លូវ និងផ្លូវសម្រាប់ថ្មើរជើង ខុសពីទីតាំងកំណត់ឡើយ ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់ និងងាយបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។
ជាមួយគ្នានោះ ក្រសួងសាធារណការ ក៏បានអំពាវនាវសូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ និងរក្សាបានសណ្តាប់ធ្នាប់ របៀបរៀបរយក្នុងទីសាធារណៈ៕ដោយ៖តារា
...